ដំណាំដំឡូងមីរបស់ពលរដ្ឋ នៅឃុំស្វាយភ្លើង ប្រឈមនឹងការខូចខាតដោយសារទឹកភ្លៀង, អភិបាលស្រុកតាំងគោក ដឹកនាំជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមរកដំណោះស្រាយជូនពលរដ្ឋ

15-10-2025 18:06

(កំពង់ធំ)៖ ដោយសារស្ថានភាពអាកាសធាតុមានសម្ពាធទាប ធ្វើឲ្យភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅក្នុងភូមិសាស្ត្រស្រុកតាំងគោក និងបានធ្វើឱ្យដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋ នៅឃុំស្វាយភ្លើង ដែលជិតដល់ពេលប្រមូលផលហើយនោះ កំពុងប្រឈមនឹងការខូចខាត និងជាហេតុទាមទារឱ្យមានដំណោះស្រាយភ្លាមៗ, ជាក់ស្តែងបន្ទាប់ពីទទួលបានព័ត៌មានលើករណីនេះ មិនបង្អង់យូរលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលដំណាំដំឡូងមីរបស់ពលរដ្ឋទាំងក្រោមដំណក់ទឹកភ្លៀង ដើម្បីត្រៀមស្វែងរកដំណោះស្រាយជូនភ្លាមៗ។

គួរជម្រាបដែរថា​ លោក ហាក់ ម៉ុងហួត រាល់ពេលទំនេរពីការងាររបស់ស្រុក លោកតែងតែមានសកម្មភាពជាបន្តបន្ទាប់ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចូលរួមស្តាប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងរកដំណោះស្រាយជូនជានិច្ច ក្នុងករណីដែលរដ្ឋបាលស្រុកអាចដោះស្រាយជូនបាន ហើយបើក្នុងករណីស្រុកមិនអាចដោះស្រាយបាន លោកក៏បានបន្តរាយការណ៍ទៅថ្នាក់លើបន្តទៀត ក្នុងគោលដៅធ្វើយ៉ាងណាដោះស្រាយបញ្ហាជូនពលរដ្ឋ, សកម្មភាពទាំងនេះហើយទើបធ្វើឱ្យលោកទទួលបានការគោរព ស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះលោក ហាក់ ម៉ុងហួត បានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវត្រៀមធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការត្រៀមរកដំណោះស្រាយជូនពលរដ្ឋ ក្នុងករណីដំណាំដំឡូងមីរបស់ពលរដ្ឋប្រឈមការខូចខាត។

ក្នុងឱកាសនោះ លោកក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការទឹកលិច។ ម៉្យាងទៀត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព អនាម័យរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការណែនាំបងប្អូន សំខាន់កុមារតូចៗ និង សិស្សធ្វើដំណើរទៅកាន់សាលារៀន ហើយនៅពេលបងប្អូនជួបនូវបញ្ហាសុខភាព ឬសត្វអសិរពិសខាំ ត្រូវប្រញ៉ាប់បញ្ជូនមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា ៕