Fresh Exclusive: សម្តេចព្រះនរោត្តម សីហនុ៖ ព្រះមហាក្សត្រ ដែលពិភពលោកនៅតែចងចាំ

15-10-2025 18:11

(ភ្នំពេញ)៖ នៅពេលដែលពិភពលោក កំពុងស្វែងរកគំរូដឹកនាំរបស់បុគ្គលដ៏ឆ្នើម ដែលបានទុកស្នាដៃជាប្រវត្តិសាស្ត្រ, សម្តេចព្រះនរោត្តម សីហនុ បានក្លាយជាគំរូដ៏លេចធ្លោមួយ ដែលគួរឲ្យកោតគោរព និងរៀនសូត្រតាម។ ទោះបីព្រះអង្គបានសោយសុខក្នុងព្រះរាជសុគតិភពក៏ដោយ ក៏ព្រះរាជសកម្មភាព ដែលបានបន្សល់ទុកនៅតែបញ្ចេញពន្លឺរះ ឆ្លុះបញ្ចាំងជាមេរៀនដ៏អស្ចារ្យសម្រាប់ពិភពលោក និងជាប្រភពនៃសេចក្ដីស្រឡាញ់សន្តិភាពរបស់ប្រជាជនខ្មែរជានិច្ច។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅរៀងរាល់ថ្ងៃទី១៥ ខែតុលា ប្រជាជនកម្ពុជា និងប្រជាជាតិមិត្តភក្តិទូទាំងពិភពលោក តែងចំណាយពេលដ៏មានអត្ថន័យសំខាន់ ដើម្បីរំលឹកនិងថ្លែងផ្តល់ព្រះកិត្ដិយសដល់អតីតព្រះមហាក្សត្រដ៏អស្ចារ្យមួយព្រះអង្គ ដែលព្រះកិត្តិនាមនៅតែបញ្ចេញពន្លឺរះជានិច្ច ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងក្នុងបេះដូងប្រជាជនខ្មែរ។ ក្សត្រដ៏កំពូលអង្គនោះ គឺសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ព្រះមហាក្សត្រដ៏ក្លៀវក្លា ដែលមិនត្រឹមតែជាអ្នកដឹកនាំទាមទារយកឯករាជ្យភាព មកឲ្យប្រជាជាតិខ្មែរវិញ ពីអាណានិគមនិយមបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃសាមគ្គីភាពជាតិ សិល្បៈ និងស្មារតីរស់គ្រប់ពេលវេលារបស់ប្រជាជាតិខ្មែរផងដែរ។

រយៈពេលដប់បីឆ្នាំ ក្រោយពីព្រះអង្គយាងចូលទីវង្គត សម្តេចព្រះនរោត្តម សីហនុ នៅតែជាបុគ្គលដ៏អស្ចារ្យ ដែលបណ្តាមេដឹកនាំក្នុងពិភពលោក នៅតែគោរព កោតសរសើរ និងរំលឹកអំពីភាពអស្ចារ្យរបស់ព្រះអង្គជាប់ជានិច្ច។ ជីវិតរបស់ព្រះអង្គ គឺជារឿងនិទានដ៏សម្បើមអំពីជាតិមួយដ៏តូច ដែលអាចរស់រានឡើងវិញ ចេញពីភាពជាប់អាណានិគមនិយម ដោយសារកិច្ចខិតខំប្រឹងប្រែង និងការលះបង់ព្រះកាយពលឥតនឿយហត់របស់បុរសម្នាក់ក្នុងសែរាជវង្ស ដែលប្រឹងបម្រើដល់ជាតិ ដើម្បីឲ្យកម្ពុជាមានតម្លៃ មានកិត្ដិយស និងឋានៈសមស្របជាមួយប្រទេសទាំងឡាយនៅលើពិភពលោក។

* ព្រះមហាក្សត្រវ័យក្មេង ដែលហ៊ានប្រឈមនឹងការទាមទារឯករាជ្យពីនឹមអាណានិគម
នៅពេលដែលសម្តេចព្រះនរោត្តម សីហនុ ទ្រង់ឡើងសោយរាជ្យដំបូងក្នុងឆ្នាំ១៩៤១ ព្រះអង្គទើបមានព្រះជន្មត្រឹមតែ១៩វស្សាតែប៉ុណ្ណោះ។ គ្មាននរណាចង់ជឿថា ព្រះមហាក្សត្រវ័យក្មេងរូបនោះ នឹងអាចហ៊ានប្រឈមមុខនឹងពួកអាណានិគមបារាំង ដើម្បីស្ដារឡើងវិញនូវឯករាជ្យភាពរបស់ប្រទេសកម្ពុជាដ៏ទ្រុឌទ្រោមក្នុងពេលនោះឡើយ។ ព្រះអង្គបានប្រើប្រាស់យុទ្ធសាស្ត្រដ៏ឆ្លាតវៃ នៃការចរចាដោយសន្តិភាព និងការលះបង់ ដើម្បីជំរុញឲ្យបារាំងផ្តល់ឯករាជ្យភាពមកកម្ពុជាវិញ ដោយមិនត្រូវការគ្រាប់កាំភ្លើងបាញ់សូម្បីតែមួយគ្រាប់ឡើយ។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទង់ជាតិបារាំង ត្រូវបានទាញទម្លាក់ចុះ ហើយទង់ជាតិខ្មែរ ត្រូវបានបង្ហូតឡើងជំនួសវិញ ដែលជាអំណាចអធិបតេយ្យភាពជាតិកម្ពុជាដ៏ពិតប្រាកដ។ ព្រះអង្គ បានក្លាយជាម្ចាស់ឯករាជ្យភាពជាតិ និងត្រូវបានគេចាត់ទុកថាជា «ព្រះបិតានៃឯករាជ្យភាពកម្ពុជា»។

* អ្នកនយោបាយសន្តិភាពក្នុងសម័យសង្គ្រាមត្រជាក់
ក្រោយការទទួលបានឯករាជ្យពិតប្រាកដ ពិភពលោកក្នុងសម័យនោះ ក៏បានធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់។ ប៉ុន្តែព្រះអង្គ បានជ្រើសរើសផ្លូវមួយ ដែលពិតជាក្លាហាន និងឆ្លាតវៃសម្រាប់ការបោះជំហានទៅមុខរបស់ជាតិ នោះគឺនយោបាយអព្យាក្រឹតភាព (Neutrality) ដែលធ្វើឲ្យកម្ពុជា មិនជាប់ក្នុងជម្លោះរបស់មហាអំណាចធំទាំងបី គឺសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងសាធារណរដ្ឋប្រជាមានិតចិន ឡើយ។ នៅក្នុងឆ្នាំ១៩៥៥ ព្រះអង្គបានលះបង់ព្រះរាជបល្ល័ង្កដោយស្ម័គ្រចិត្ត ដើម្បីឆ្ពោះទៅប្រឡូកក្នុងនយោបាយ ដោយបង្កើតបក្សសង្គមរាស្រ្តនិយម (Sangkum Reastr Niyum) ហើយបានធ្វើជាព្រះប្រមុខរដ្ឋ។ នយោបាយរបស់ព្រះអង្គមានគោលការណ៍ច្បាស់លាស់គឺ ឯករាជ្យភាព សន្តិភាព និងសាមគ្គីភាពជាតិ។

ព្រះអង្គជាអ្នកដឹកនាំដ៏មានសមត្ថភាព ដោយបានធ្វើឲ្យប្រទេសកម្ពុជាដ៏តូចមួយនេះ ក្លាយជាស្ពានភ្ជាប់រវាងប្រទេសមហាអំណាចទិសខាងកើត និងទិសខាងលិច។ ព្រះអង្គជាក្សត្រ ដែលមានសិទ្ធិពិសេសមួយ ក្នុងការអាចចូលរួមជាមួយមេដឹកនាំនៃប្រទេសមហាអំណាចទាំងអស់ រាប់ពីអតីតមេដឹកនាំកំពូលនៃប្រទេសចិន លោក Mao Zedong, អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle រហូតទៅដល់អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy និង មេដឹកនាំឥណ្ឌា លោក Jawaharlal Nehru។ ព្រះអង្គជាម្ចាស់ចំណងមិត្តភាពជាមួយប្រទេសទាំងអស់នៅក្នុងចលនាមិនចូលបក្ខសម្ព័ន្ធ (Non-Aligned Movement Countires)។

សុន្ទរកថារបស់ព្រះអង្គ ដែលថ្លែងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦១ នៅបុរីញូយ៉ក ធ្លាប់ធ្វើឲ្យពិភពលោក បានកោតសរសើរចំពោះសមត្ថភាព និងសំឡេងដ៏ស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយអំណាចនៃសន្តិភាព។ ព្រះរាជបន្ទូលដ៏មានអត្ថន័យរបស់ព្រះអង្គ នៅចំពោះអ្នកចូលរួមក្នុងពេលនោះ គឺ «កម្ពុជា មិនជាប្រទេសដែលមានជំហរគាំទ្រប្រទេស លោកខាងកើត ឬលោកខាងលិចទេ។ យើងជាប្រទេសតូច ប៉ុន្តែយើងចង់រស់នៅក្នុងសន្តិភាព។ យើងគោរពមិត្តភក្តិទាំងអស់ ប៉ុន្តែមិនចង់ក្លាយជាឧបករណ៍សង្គ្រាមរបស់អ្នកណាម្នាក់ឡើយ»។ ប្រទេសមហាអំណាច រួមទាំងប្រទេសមួយចំនួនដែលស្ថិតក្នុងចលនាមិនចូលបក្ខសម្ព័ន្ធ ពេលនោះបានចាប់ផ្តើមគាំទ្រកម្ពុជា ឲ្យក្លាយជា «ប្រទេសសំឡេងសន្តិភាពនៅអាស៊ីអាគ្នេយ៍»។

* ព្រះមហាក្សត្រនៃសិល្បៈរបស់ជាតិ
ក្រៅពីនយោបាយ ព្រះអង្គក៏ជាម្ចាស់ស្នាដៃសិល្បៈដ៏អស្ចារ្យផងដែរ។ ព្រះអង្គបានសរសេរ បានបង្កើត និងដឹកនាំខ្សែភាពយន្តជាច្រើន ហើយខ្សែភាពយន្តខ្លះ ក៏រួមមានការសម្តែងតួដោយផ្ទាល់ពីព្រះអង្គ និងព្រះជាយា Paule Monique Izzi ដែលបច្ចុប្បន្ន គឺសម្តេចម៉ែជាទីគោរពសក្ការៈនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ភាពយន្តរបស់ព្រះអង្គ ត្រូវបានគេចាត់ទុកថា ជាស្នាដៃសិល្បៈដែលបង្ហាញពីទង្វើស្នេហាជាតិ ភាពស្រស់ស្អាតនៃប្រទេសកម្ពុជា និងពីអត្តសញ្ញាណខ្មែរដ៏ពិតប្រាកដ។ ព្រះអង្គធ្លាប់បានមានព្រះរាជបន្ទូលថា៖ «ភាពយន្ត គឺជាអាវុធរបស់ខ្ញុំ វាមិនមែនជាអាវុធសម្រាប់សង្គ្រាមទេ ប៉ុន្តែសម្រាប់សេចក្ដីស្រឡាញ់ប្រទេសខ្ញុំ»។ ភាពស្រឡាញ់សិល្បៈនេះធ្វើឲ្យព្រះអង្គ បានក្លាយជាព្រះមហាក្សត្រដំបូងមួយក្នុងពិភពលោក ដែលបានទទួលការទទួលស្គាល់នៅតាមព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ។ ព្រះអង្គក៏ជាអ្នកនិពន្ធបទភ្លេង និងចម្រៀង ដោយបញ្ចូលរវាងស្ទីលខ្មែរ និងអឺរ៉ុប ដែលបង្ហាញថា កម្ពុជាមិនមែនជាប្រទេសតូចទេ ប៉ុន្តែជាប្រទេសដែលសម្បូរនូវផ្នត់សិល្បៈ ដែលជាវប្បធម៌រុងរឿងរបស់ជាតិ។

* ឆាកជីវិតនយោបាយរបស់ព្រះអង្គ
ក្នុងឆាកជីវិតនយោបាយដ៏វែងឆ្ងាយរបស់សម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាធ្លាប់ជួបប្រទះនឹងការប្រឈមជាច្រើន ទាំងជម្លោះ ការធ្វើបដិវត្តន៍ និងការបណ្តេញព្រះអង្គចេញពីប្រទេស។ នៅឆ្នាំ១៩៧០ ខណៈព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចនៅក្រៅប្រទេស រដ្ឋាភិបាលរបស់ព្រះអង្គ ត្រូវបានគេធ្វើរដ្ឋប្រហារផ្តួលរំលំ។ ទោះជាបែបណា ព្រះអង្គនៅតែជារូបសញ្ញានៃសាមគ្គីភាពជាតិ និងសេចក្ដីស្រឡាញ់ប្រជាជនខ្មែរ។

ក្នុងសម័យសង្គ្រាម និងវេលាដែលប្រទេសប្រឈមនឹងវិនាសកម្ម ព្រះអង្គបានអំពាវនាវដល់ប្រជាជនខ្មែរ និងសហគមន៍អន្តរជាតិ ឲ្យរួមគ្នាស្វែងរកសន្តិភាព និងជួយសង្គ្រោះប្រជាជនខ្មែរចេញពីទុក្ខវេទនានៃសង្គ្រាម។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈឥទ្ធិពលនៃសង្គ្រាមត្រជាក់ក្នុងសម័យនោះ បានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលកាន់តែជ្រៅទៅក្នុងជម្លោះបង្ហូរឈាមរវាងខ្មែរនិងខ្មែរក៏ដោយ ក៏ព្រះអង្គមិនធ្លាប់បោះបង់ចោលលើសេចក្ដីជឿជាក់ស្វែងរកសន្តិភាពចំពោះប្រទេសកម្ពុជាឡើយ។

ក្រោមចិត្តសុចរិតនៃការរួបរួមជាតិ និងសេចក្ដីស្រឡាញ់សន្តិភាព ព្រះអង្គ និងឥស្សរជននយោបាយដ៏កំពូលរបស់ជាតិខ្មែរ ម្នាក់គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើការចរចានិងសហការយ៉ាងជិតស្និទ្ធ រហូតនាំឲ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបញ្ចប់សង្រ្គាមដ៏វែងឆ្ងាយ និងបើកផ្លូវឲ្យប្រទេសមានស្ថិរភាពនយោបាយសាឡើងវិញ។ បន្ទាប់ពីនោះមក សម្តេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរព្រះរាជដំណើរ វិលត្រឡប់ពីទីក្រុងប៉េកាំង មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដើម្បីស្ដារឡើងវិញនូវសន្តិភាព និងសាមគ្គីភាពជាតិ។ នៅក្នុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជា បានស្ដារឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងសម្តេចព្រះនរោត្តម សីហនុ ក៏ត្រូវបានឡើងគ្រងរាជ្យសម្បត្តិជាថ្មី ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសក្នុងសន្តិភាព ឯកភាព និងសេចក្ដីសុខរបស់ប្រជាជនខ្មែរ។

ក្រោយព្រះរាជសកម្មភាពរបស់ព្រះអង្គដែលចូលរួមការរួបរួមជាតិជាច្រើនឆ្នាំជាបន្តបន្ទាប់ ព្រះអង្គបានយាងចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព័ត៌មាននៃការយាងចូលទីវង្គតនេះបាននាំឱ្យមានភាពសោកស្តាយ និងអាណិតអាឡោះអាល័យដល់ព្រះអង្គជាអនេក ពីព្រោះព្រះអង្គ គឺជាបុគ្គលដ៏មានកិត្ដិយស ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសន្តិភាពសម្រាប់ប្រជាជនខ្មែរ។ អង្គការសហប្រជាជាតិ មហាអំណាចជាច្រើន រួមទាំងប្រទេសចិន និងប្រទេសមិត្តសហគមន៍អន្តរជាតិទូទាំងពិភពលោក បានផ្ញើសារចូលរួមរំលែកមរណទុក្ខដល់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជវង្សានុវង្ស ដោយថ្លែងនូវការកោតគោរពចំពោះអត្តសញ្ញាណ និងព្រហស្ថស្នាដៃដ៏អស្ចារ្យបន្សល់ទុកពីព្រះអង្គ។

ហេតុនេះហើយរៀងរាល់ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ប្រជាជនកម្ពុជា និងប្រជាជាតិមិត្តភក្តិទូទាំងពិភពលោក តែងចំណាយពេលវេលា ដើម្បីរំលឹកនិងថ្លែងថ្វាយព្រះកិត្ដិយសដល់សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គ គឺជាព្រះមហាក្សត្រដ៏អស្ចារ្យ ជាមួយនឹងព្រះកិត្តិនាមប្រកប ដោយភាពល្បីរន្ទឺសុះសាយចំពោះជាតិ និងពិភពលោក។ សម្រាប់ប្រជាជនកម្ពុជា ព្រះអង្គគឺជាស្មារតីនៃភាពរឹងប៉ឹង ការរួបរួមជាតិ និងសន្តិភាព ដែលនៅតែបញ្ចេញពន្លឺរះបញ្ចាំងក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរជានិច្ច។

ក្នុងសេចក្តីសន្និដ្ឋានជារួម៖ មរតករបស់សម្តេចព្រះនរោត្តម សីហនុ នៅតែរស់នៅក្នុងបេះដូងប្រជាជនខ្មែរ តាមរយៈឯករាជ្យភាព សន្តិភាព និងវប្បធម៌ជាតិ។ ព្រះបរមរាជវាំង ដែលព្រះអង្គធ្លាប់គង់ព្រះបរមរាជវង្ស និងដែលព្រះរាជសម្លេងរបស់ព្រះអង្គធ្លាប់លាន់រំភើបដល់បេះដូងប្រជាជនខ្មែរកាលពីមុន នៅតែស្ថិតជាបេតិកភណ្ឌនៃស្មារតីជាតិ និងសញ្ញានៃសន្តិភាពរបស់ព្រះអង្គជានិច្ច។ ព្រះអង្គធ្លាប់មានព្រះរាជបន្ទូលដ៏អស្ចារ្យមួយថា៖ «ខ្ញុំកើតមកដើម្បីបម្រើប្រទេសខ្ញុំ ហើយខ្ញុំនឹងស្លាប់ ដោយមានប្រទេសខ្ញុំ នៅក្នុងបេះដូង»។ ព្រះរាជបន្ទូលដ៏សម្បើមនោះ ជាមួយនឹងព្រះរាជសកម្មភាពដ៏សព្វថ្ងៃនៃសេចក្ដីស្រឡាញ់ជាតិ បានក្លាយជាមរតកស្មារតីដ៏ថ្លៃថ្លា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រមុខដឹកនាំជាតិជំនាន់បច្ចុប្បន្ន។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគោរពយកព្រះអង្គជាគំរូនៃភាពជាអ្នកដឹកនាំសន្តិភាព និងសេចក្ដីស្រឡាញ់ជាតិ ដើម្បីបន្តការដឹកនាំប្រទេសឲ្យឈានដល់ត្រឹមត្រូវ និងរីកចម្រើនក្នុងត្រើយសុភមង្គលនៃប្រជាជនខ្មែរ៕