មេសិទ្ធិមនុស្សកម្ពុជា ចេញមុខការពារសមាជិកព្រឹទ្ធសភាថៃ ដែលជំទាស់ការចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងជោគជ័យ (Video inside)
15-10-2025 19:28
(ភ្នំពេញ)៖ លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ កំពុងនូវការស្តីបន្ទោសយ៉ាងខ្លាំងពីពលរដ្ឋថៃ មានភាពជ្រុលនិយម និងខ្វះការចេះដឹងផ្នែកសិទ្ធិមនុស្ស បន្ទាប់ពីលោកស្រីប្រឆាំងនឹងទង្វើចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅពេលយប់ក្នុងភូមិព្រៃចាន់ និងជោគជ័យ។ ពលរដ្ឋថៃខ្លះ ហៅលោកស្រីថា ជាជនជាតិថៃ តែមានបេះដូងខ្មែរ ហើយក៏មានការទាមទារឱ្យលោកស្រីលាលែងពីសមាជិកព្រឹទ្ធសភាផងដែរ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាការពិតណាស់ អ្វីដែលលោកស្រី Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញគឺគាត់បាននិងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិថានៅក្នុងប្រទេសថៃនៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ មានជំនាញច្បាប់ជាតិ កតិកាសញ្ញាអន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
លោក កែវ រ៉េមី បានបន្ថែមថា មុនពេលលោកស្រីប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់លោកថា ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថាសមត្ថភាពនាយករដ្ឋមន្រ្តីថៃដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត។
សម្រាប់លោក កែវ រ៉េមី នៅពេលបានឃើញការលើកឡើងរបស់លោកស្រីសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនដទៃទៀតបានធ្វើឲ្យលោកមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនថាប្រទេសថៃពិតជានៅមាន និងសម្បូរអ្នកចេះដឹងបើទោះជាអ្នកខ្លះហ៊ាននិយាយ ឬ អ្នកខ្លះទៀតមិនហ៊ាននិយាយ ក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ។
បើទោះបីចេញការពារលោកស្រីសមាជិកព្រឹទ្ធសភាថៃ តែលោក កែវ រ៉េមី មានការប្រុងប្រយត្ន័លើអ្វីដែលលោកបានលើកឡើង ដោយគូសរំលេចថា ត្រូវបែកចែកឲ្យច្បាស់ក្រុមជ្រុលនិយម និងមិនជ្រុលនិយម។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ។
សម្រាប់លោក កែវ រ៉េមី លោកដឹងច្បាស់ថា លោកស្រីសមាជិកព្រឹទ្ធសភាថៃ ជាជនជាតិថៃច្បាស់ណាស់គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់ខ្លួន។ ការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រដោយទាហានថៃ និង រាជរដ្ឋាភិបាលថៃ ប្រៀបបីដូចកូនសត្វស្លាបមួយក្បាលដែលមិនបានដឹងពីគំនិតរបស់សត្វឥន្រ្ទីនោះទេ។
លោក កែវ រ៉េមី បានបន្ថែមថា ការដែលលោកសរសើរសមាជិកព្រឹទ្ធសភាថៃ ពីព្រោះកម្ពុជា ត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អមានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនកម្ពុជា-ថៃ។
សម្រាប់លោក កែវ រ៉េមី ការបាត់បង់លោកស្រីព្រឹទ្ធសភា Angkhana Neelapaijit ពីកៅអីព្រឹទ្ធសភាថៃ គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ៕