លោក សៅ សុខា ចែកម៉ូតូ និងវិទ្យុទាក់ទងជិត២០០គ្រឿងដល់អង្គភាព និងស្ថាប័ននៅថ្នាក់មូលដ្ឋាន ជំរុញការពង្រឹងបន្ថែមទៅលើថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

15-10-2025 21:15

(ស្វាយរៀង)៖ លោក សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានផ្តួចផ្តើមគំនិតកៀរគរជំនួយពីសប្បុរសជនជាបណ្តើរៗ សម្រាប់បានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីជំរុញការពង្រឹងបន្ថែមទៅលើថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

គំនិតផ្តួចផ្តើម ក្នុងការកៀរគរថវិកានេះ គឺដើម្បីបង្កើនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និង លោក សុខា រ៉ានាថ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ តំណាងលោក សៅ សុខា បានចែកម៉ូតូចំនួន ១១៧គ្រឿង និងវិទ្យុទាក់ទង ចំនួន៥៤គ្រឿង ព្រមទាំងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុតជូនដល់អង្គភាព និងស្ថាប័នជុំវិញស្រុក។ អង្គភាព និងស្ថាប័នទាំងនោះ រួមមាន៖

១. អធិការដ្ឋាននគរបាលស្រុក ម៉ូតូចំនួន ០៩គ្រឿង វិទ្យុទាក់ទង ចំនួន៥៤គ្រឿង និងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត
២. ផ្នែកសឹករងស្រុក ម៉ូតូចំនួន ១០គ្រឿង
៣. មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ូតូចំនួន ០៥គ្រឿង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៩ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ម៉ូតូចំនួន ៤៥គ្រឿង
៥. សាលាឃុំ និងមន្ទីរបក្សឃុំទាំង០៩ ក្នុងស្រុកស្វាយទាប ម៉ូតូចំនួន ១១គ្រឿង
៦. វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងស្រុក ម៉ូតូចំនួន ៣៣គ្រឿង។
៧. មណ្ឌលសុខភាព ម៉ូតូចំនួន ០៤គ្រឿង ។

ក្នុងឱកាសនោះដែរ លោក សែ វុទ្ធី បានថ្លែអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្ភារៈទាំងអស់នេះដើម្បីបំពាក់ជូនអង្គភាព និង ស្ថាប័នជុំវិញស្រុកស្វាយទាប គឺសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តតួនាទីភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងកាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ថែមទាំងការបម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត ហើយជាពិសេសគឺការបម្រើឱ្យផ្នែកសុខមាលសាធារណៈ បានរហ័សទាន់ចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីតាមមូលដ្ឋាន៕