អ្នកនាំពាក្យក្រសួងការងារ៖ វីដេអូលោក «សូ រតនះ» ផុស ជាវីដេអូចាស់ឆ្នាំ២០១៩ និងស្នើឱ្យលុបបន្ទាន់ ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្ត
16-10-2025 11:44
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «សូ រតនះ» សូមលុបចោលនូវវីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ជាបន្ទាន់ ព្រោះនោះជាវីដេអូចាស់។
លោក ស៊ុន មេសា បានសង្កត់ធ្ងន់នៅថ្ងៃទី១៦ ខែតុលានេះថា សូមម្ចាស់គណនីឈ្មោះ «សូ រតនះ» លុបចោលវីដេអូដែលមានរយៈពេល ៥៧វិនាទីនោះជាបន្ទាន់ ព្រោះមិនមែនជាហេតុការណ៍កើតឡើងថ្មីៗនេះទេ គឺកើតឡើងតាំងពីឆ្នាំ ២០១៩មកម្លេះ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការបង្ហោះនេះ នាំឱ្យមានការភាន់ច្រឡំបន្តដល់សាធារណជន ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុកខាងលើ លុបចេញជាបន្ទាន់។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមកុំបន្តចែកចាយនូវវីដេអូនេះ ព្រោះអាចបង្កឱ្យមានការភាន់ច្រឡំបន្ថែម៕