ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំអាជ្ញាធរមូលដ្ឋាន ត្រៀមរៀបចំវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីចង់ដឹងសុខទុក្ខពលរដ្ឋ

16-10-2025 14:43

(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានណែនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមខ្លួនក្នុងការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅតាម បណ្ដាក្រុង-ស្រុកទាំង១៣ នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ដើម្បីចង់ស្ដាប់ ចង់ដឹងលឺពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសយកមកដោះស្រាយជូនពួកគាត់ឲ្យអស់ពីសមត្ថភាព។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកគួច ចំរើន អភិបាលខេត្តកណ្ដាល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗ របស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន១០។

ស្ថិតក្នុងឱកាសនេះលោក នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែកញ្ញាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជួរមុខ និងបានជួយស្វែងរកការងារជូនពលករដែលបានត្រឡប់មកពីថៃផងដែរ។ ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋដែល បានរងគ្រោះដោយទឹកជំនន់តាមបណ្ដាស្រុកមួយចំនួន។

លោក នូ សាខន បានគាំទ្ររដ្ឋបាលខេត្តដែលបានខិតខំយ៉ាងសកម្ម ក្នុងការពង្រឹងទៅលើការងារប្រកួតប្រជែងអង្គភាពផ្ដល់សេវាគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។

ថ្លែងក្នុងកិច្ចប្រជុំនេះលោក គួច ចំរើន បានថ្លែងពាក់ព័ន្ធនិងបញ្ហាទឹកជំនន់, រដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។

លោកអភិបាលខេត្ត បានស្នើអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលង់ទឹកចំពោះកុមារ និងមនុស្សចាស់ ត្រូវគិតគូអំពីបញ្ហាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត៕