រយៈពេល១ឆ្នាំ គណៈមេធាវី បានចាត់តាំងមេធាវីការពារក្តីជូនជនក្រីក្រជាង ៨ពាន់ករណី ក្នុងនោះមានរឿងក្តីអនីតិជនជិត ៣ពាន់ករណី ដោយឥតគិតកម្រៃសេវា

16-10-2025 15:25

(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។

បើយោងតាមរបាយការណ៍នៅក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និងត្រូវខួប៣០ឆ្នាំ នៃការបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងនេះមានន័យថានៅសល់រឿងក្តី ចំនួន២៤២៨ករណី ដែលគណៈមេធាវីបានចាត់តាំងរួចតែមិនទាន់ទទួលបានការទូទាត់ ដោយសារថវិកាមានកម្រិតត្រឹមចំនួន ២,៦០០លានរៀល។ ថវិកាជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ៣០០លានរៀល ក្នុងមួយឆ្នាំដែលឆ្នាំនេះគណៈមេធាវី បានផ្តល់មេធាវីជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបានចំនួន២៨០ករណី មានស្ត្រីរងគ្រោះចំនួន ៣៣១នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៧៧នាក់។

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តាមរយៈសមិទ្ធផលខាងលើនេះ គណៈមេធាវី សូមសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងលោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានផ្តល់ និងជួយសម្របសម្រួលថវិកានេះជូនគណៈមេធាវី សម្រាប់ចំណាយលើសកម្មភាពការពារក្តីជូនជនក្រីក្រ និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយសារអំពើហិង្សា។

ដោយអនុវត្តតាមគោលនយោបាយដែលបានដាក់ចេញ គណៈមេធាវីនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រទូទាំងប្រទេស ដែលមាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ជាសេនាធិការ និងមានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៦២៤រូប។ ដើម្បីឱ្យការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ បានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព នោះរាល់ការបញ្ជូនឯកសារស្នើសុំមេធាវី និងលិខិតចាត់តាំងមេធាវី គឺធ្វើឡើងតាមរយៈប្រព័ន្ធតេឡេក្រាម ជាបឋម ឯសំណៅដើមនឹងបញ្ជូននៅពេលក្រោយ។

ចំពោះការគ្រប់គ្រងទិន្នន័យរឿងក្ដីជនក្រីក្រ គឺធ្វើការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយគ្រប់ការិយាល័យប្រតិភូប្រចាំរាជធានី-ខេត្ត សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍តំបន់ និងតុលាការកំពូល ត្រូវបានតម្លើងឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដោយរាល់ទិន្នន័យត្រូវបញ្ជូនមកគ្រប់គ្រងរួម នៅនាយកដ្ឋានការពារក្តីជូនជនក្រីក្រ របស់គណៈមេធាវី។ ការប្រើប្រាស់ប្រព័ន្ធទិន្ន័យនេះ អាចឱ្យនាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានដឹងពីសំណុំរឿងដែលបានចាត់តាំងឱ្យការពារក្តីជូនជនក្រីក្រ លំហូរនីតិវិធីនៃសំណុំរឿង និងចំណាត់ការរបស់មេធាវី ដែលទាំងអស់នេះ បានបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងទិន្នន័យនៃចំនួនរឿងក្តីប្រចាំថ្ងៃ និងជាចំណុចសំខាន់សម្រាប់គណៈមេធាវី រៀបចំផែនការយុទ្ធសាស្ត្រ ពាក់ព័ន្ធនឹងការការពារក្តីជូនជនក្រីក្រឱ្យបានកាន់តែប្រសើរ។

តួយ៉ាងក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងស្វាហាប់ ប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបន្តផ្តល់ថវិកាសរុបចំនួន ២,៩០០លានរៀល ជូនគណៈមេធាវី សម្រាប់ពង្រីកការចូលរួមបម្រើវិស័យយុត្តិធម៌ និងការលើកកម្ពស់យុត្តិធម៌សង្គម ផ្តោតសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តីនិងការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ និងការកាពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងនោះថវិកាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ ចំនួន២,៦០០លានរៀល ក្នុង មួយឆ្នាំ ដែលថវិកានេះអាចទូទាត់ចំណាយបានចំនួន ៦,១៥៦សំណុំរឿង និងការប្រឹក្សាយោបល់បានចំនួន ៤៥៦ករណី។

គួរឱ្យដឹងថា ពិធីបើកមហាសន្និបាតគណៈមេធាវីលើកទី៣០ បានធ្វើក្រោមវត្តមានចូលរួមពីសំណាក់លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោកបណ្ឌិត សាយ បូរី ជាស្ថាបនិក និងជាអតីតប្រធានគណៈមេធាវីអាណត្តិទី១, លោក ជីវ សុង ហាក់ អតីតប្រធានគណៈមេធាវីអាណត្តិទី៧ និងទី៨, លោក ប៊ុន ហ៊ុន អតីតប្រធានគណៈមេធាវីអាណត្តិទី៩ និងទី១០, លោក លី ច័ន្ទតុលា អតីតប្រធាគណៈមេធាវីអាណត្តិ១៣ និងទី១៤ ព្រមទាំងក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីជាសមាជិក សមាជិការបស់គណៈមេធាវីជាង១ពាន់រូបទៀត៕