កម្ពុជាប្រារព្ធខួប២ឆ្នាំ នៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់»

16-10-2025 15:56

(សៀមរាប)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ក្នុងឱកាសអបអរសាទរគម្រប់ខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ជាតំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណាន (Yunnan Investment Group), លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ក្រុមហ៊ុន, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ប្រមាណជាង ២០០នាក់។

បណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមានក្នុងពិធី និងបានធ្វើការកាត់ខ្សែបូសម្ពោធតម្លើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» នៅក្នុងអគារស្ថានីយ៍អ្នកដំណើរចេញ ដែលនេះជាស្នាដៃ និងជាសមិទ្ធផលថ្មីមួយទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានឯកភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដាក់តាំងរូបសំណាកទាំងពីរ ដែលមានអត្ថន័យដ៏ធំធេង ជាសមិទ្ធផលដ៏ឧត្តុង្គឧត្តម ជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់របស់ សម្តេច ក្នុងពេលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។

ការតម្លើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួល កិច្ចសហការយ៉ាងជិតស្និតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI) ដើម្បីអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការដាក់ឱ្យដំណើការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង ២០០០ឆ្នាំកន្លងមក។

ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតនានាអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួលចេញពីសៀវភៅ «កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ» ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជារបកគំហើញស្រាវជ្រាវ និងដឹកនាំដោយមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

«ព្រះរាជគ្រូទិវាករបណ្ឌិត» ជាតួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ ព្រះអង្គ ហើយចុងក្រោយ គឺក្នុងរាជ្យព្រះបាទសូរ្យវរ័្មនទី២ (សូយ៌វម៌ទី២)។ នៅដើមសតវត្សទី១២ ក្នុងរាជ្យនោះ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មឯកដ៏ស្កឹមស្កៃ និងល្បីល្បាញជុំវិញពិភពលោក។

ចំណែកលោក «ជីវ តាក្វាន់» ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦ - ឆ្នាំ១២៩៧)។ លោក «ជីវ តាក្វាន់» ជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

រូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជានិមិត្តរូបនៃស្ពានសាមគ្គីសហ ប្រតិបត្តិការសំខាន់មួយ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ យើងក៏រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងបន្តមានកំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ កើនឡើងជាលំដាប់នាពេលខាងមុខ៕