មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានភាពចាំបាច់ ដើម្បីពង្រឹងប្រសិទ្ធភាពចំណាយថវិការដ្ឋ ចាយឱ្យចំគោលដៅ និងបានផលខ្ពស់

16-10-2025 16:24

(ភ្នំពេញ)៖ «នៅក្នុងបរិបទដែលកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតែវិបត្តិនានា និងភាពមិនប្រកដប្រជាខ្ពស់ នៃសេដ្ឋកិច្ចសកលលោក, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែមានភាពចាំបាច់ ដើម្បីពង្រឹងប្រសិទ្ធភាពចំណាយថវិការដ្ឋ ពោលគឺចាយឱ្យចំគោលដៅ និងទទួលបានលទ្ធផលត្រឡប់មកវិញខ្ពស់»។ នេះជាការលើកឡើងរបស់បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

ការលើកឡើងរបស់បណ្ឌិត យ៉េត វីណែល ធ្វើឡើងក្នុងឱកាសធ្វើជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ បើកកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តសរុបប្រមាណ ២៣០រូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្នុងគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពី អង្គភាព ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលយ៉ាងសំខាន់ តម្រូវឱ្យអង្គភាព ស្ថាប័នសាធារណៈទាំងអស់ត្រូវមានគណនេយ្យភាពចំពោះសមិទ្ធកម្ម។

តាមរយៈកិច្ចប្រជុំនេះ អង្គភាពក្រោមឱវាទ កសហវ. បានធ្វើបទឧទ្ទេសនាមអំពីការរៀបចំ និងធ្វើបច្ចុប្បន្នកម្មអំពីយុទ្ធសាស្រ្តគន្លឹះៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរួមមានជាអាទិ៍ យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា,យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ, ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងធិការកិច្ច, យុទ្ធសាស្រ្តកៀរគរចំណូល, ផែនការយុទ្ធសាស្រ្តកសាងសមត្ថភាព, ផែនការពង្រឹងការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ, និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ។

បន្ថែមពីនេះ ក្រសួង ស្ថាប័នមួយចំនួន ក៏បានចែករំលែកអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការអនុវត្តផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ២០២៥ សំដៅរួមគ្នាដោះស្រាយ និងជាការដកពិសោធន៍សម្រាប់ក្រសួង ស្ថាប័នផ្សេង ផងដែរ។

បណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបានពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លើយតបទៅនឹងវិបត្តិនានាដែលកើតមានកន្លងមក យ៉ាងមានប្រសិទ្ធភាព និងមានភាពធន់ទៅនឹងវិបត្តិដែលកំពុងកើតមានបច្ចុប្បន្ន និងអាចកើតមានជាយថាហេតុនាពេលខាងមុខ។ ដោយឡែក របាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង និងបន្តអនុវត្តឱ្យកាន់តែខ្លាំងឡើង ជាពិសេសការដោះស្រាយឱ្យចំបញ្ហា ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសកល កំពុងតែហ៊ុំព័ទ្ធទៅដោយវិបត្តិផ្ទួនៗ និងកាន់តែស៊ីជម្រៅ។

ក្នុងន័យនេះ អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវដើរតួកាន់តែសំខាន់លើការងារកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅរួមគ្នាឆ្ពោះទៅរកការកែខៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹតតែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមការដ្ឋានរបស់ខ្លួន។

ធាតុចូលដ៏សំខាន់ដែលទទួលបាននាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នឹងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ដល់របាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដើមឆ្នាំ២០២៦ ខាងមុខ៕