Fresh Exclusive: ដូណាល់ ត្រាំ៖ ពាក្យសន្យា ដែលកំពុងផ្លាស់ប្តូរសង្គ្រាមទៅជាសន្តិភាព

16-10-2025 16:41

(ភ្នំពេញ)៖ នៅពេលពិភពលោកកំពុងរងវិបត្តិសង្គ្រាម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ រវាងកម្ពុជានិងថៃ ដែលត្រៀមនឹងចុះហត្ថលេខាក្នុងពេលខាងមុខនេះ កំពុងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ ក្រោមការសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ, ពិភពលោក នឹងបានឃើញថា ពាក្យសន្យាដែលគាត់ធ្លាប់ប្រកាសអំពី «សន្តិភាពតាមផ្លូវការទូត» កំពុងក្លាយជាការពិតហើយ។ វាជាជំហានមួយ ដែលអាចផ្លាស់ប្តូរពីសង្គ្រាមមកជាសន្តិភាព។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងសម័យមានសង្គ្រាមបង្កនូវទុក្ខវេទនា បាននិងកំពុងកើតឡើងតាមបណ្តាប្រទេសមួយចំនួន បុរសម្នាក់ ដែលធ្លាប់បានសន្យាថានឹងជួយបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃ កំពុងបង្ហាញឲ្យពិភពលោកបានមើលឃើញកាន់តែច្បាស់ថា ពាក្យសន្យារបស់លោកមិនមែនជាសម្តីឥតបានការឡើយ។ រវាងពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ពិភពលោក នឹងបង្វែរក្រសែភ្នែកសម្លឹងមកមើលនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងក្លាយជាទីតាំងនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងមានការពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ រវាងកម្ពុជានិងថៃ។ ក្នុងឱកាសដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលជាម្ចាស់សន្យាជួយបង្កើតសន្តិភាព នឹងត្រូវអញ្ជើញចូលរួមជាសាក្សីដោយផ្ទាល់ដើម្បីបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពមួយនឹងលេចចេញជារូបរាងដូចតាមសម្តីដែលបានសន្យា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ មានគោលបំណងបញ្ចប់ជាផ្លូវការនូវសកម្មភាពយោធា និងទង្វើលួចកាត់ដីបន្តិចម្តងតាមយុទ្ធសាស្ត្រ Salami Slicing និងការបំពានផ្លូវចិត្ត Psychological Warfare របស់ភាគីថៃ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដាដ៏មានតម្លៃជាប្រវត្តិសាស្ត្រកន្លងមកនេះ ក៏ជាលទ្ធផលនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានយកចិត្តទុកដាក់ជួយដល់ការបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃ តាមរយៈយុទ្ធសាស្ត្រនយោបាយសន្តិភាពរបស់លោកចំពោះពិភពលោកផងដែរ។

ផ្អែកតាមប្រសាសន៍របស់ឯកឧត្តម Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងចុះហត្ថលេខានាពេលខាងមុខនេះ នឹងទាមទារឲ្យភាគីទាំងពីរបោសសម្អាតមីន និងដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំប្រទល់ដើម្បីធានាបទឈប់បាញ់យូរអង្វែង និងបង្កើតតំបន់សន្តិភាពពិតប្រាកដតាមបណ្តោយព្រំដែន។ ទោះជាយ៉ាងណាក្តី ដើម្បីធានាថាគោលនយោបាយសន្តិភាពនេះអាចក្លាយជាការពិត និងមានប្រសិទ្ធភាពយូរអង្វែង កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ ត្រូវបានអ្នកវិភាគចង្អុលបង្ហាញថា គួរតែបញ្ចូលចំណុចសំខាន់ៗបន្ថែមទៀតដូចជា៖ ការបង្កើតតំបន់ទ្រនាប់ Buffer Zone តាមបណ្តោយព្រំដែន ការត្រួតពិនិត្យដោយក្រុមតំណាងអន្តរជាតិ ការដោះស្រាយវិវាទតាមផ្លូវច្បាប់ ការពង្រឹងសហការព្រំដែននិងការអភិវឌ្ឍរួមក្នុងរយៈពេលវែង។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ បើសិនជាត្រូវបានភាគីទាំងពីរ អនុវត្តដោយភាពខ្ជាប់ខ្ជួននិងស្មោះត្រង់ នោះវានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលផ្តល់កិត្តិយសយ៉ាងខ្លាំងដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ពីព្រោះពិភពលោកបានឃើញយ៉ាងច្បាស់ថា ពាក្យសន្យាដ៏មានតម្លៃដែលលោក ត្រាំ បានប្រកាសមិនមែនជាសម្តីដើម្បីលំអសម្រាប់នយោបាយនោះទេ។ កិច្ចព្រមព្រៀងសន្តិភាពខាងមុខនេះ នឹងមិនត្រឹមជួយធានាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងតំបន់អាស៊ានទេ ប៉ុន្តែថែមទាំងជួយពង្រឹងសន្តិភាពសកលផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងសាធារណមតិជាតិនិងអន្តរជាតិ កំពុងបង្ហាញក្តីគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ មានក្រុមជ្រុលនិយមមួយចំនួនបានព្យាយាមបង្ហោះពាក្យសម្តីចោទប្រកាន់និងបង្កការភ័ន្តច្រឡំ ដើម្បីរារាំងមិនឲ្យសន្តិភាពកើតមានបានឡើយ។ ពួកគេបានប្រើសម្តីបំពុលនិងបំភ័ន្តថា បើមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនាពេលខាងមុខនេះ «កម្ពុជានឹងបាត់ដី» ឬចោទថា «រដ្ឋាភិបាលកម្ពុជាដោះដូរបូរណភាពទឹកដី ដើម្បីរក្សាអំណាច»។

សម្តីបែបនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដែលបង្ហាញយ៉ាងច្បាស់ពីបំណងអាក្រក់ក្នុងការបង្កញុះញង់ចង់ឲ្យកម្ពុជានិងថៃ បន្តប្រឈមមុខគ្នា ដើម្បីបម្រើល្បែងនយោបាយរបស់ខ្លួន និងស្វែងរកការផ្លាស់ប្តូរអំណាចគ្រប់គ្រងក្នុងប្រទេស។ ការចោទប្រកាន់បែបជ្រុលនិយមបែបនេះ មិនមែនជាសម្តីដែលមានទឹកចិត្តស្រឡាញ់ជាតិឡើយ ប៉ុន្តែជាការប៉ុនប៉ងបំផ្លាញសន្តិភាព បំផ្លាញភាពជាមិត្តរបស់ប្រទេសជិតខាង និងបំផ្លាញផែនការសន្តិភាពដ៏មានតម្លៃ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដឹកនាំក្នុងគោលបំណងជួយឱ្យកម្ពុជានិងថៃ មានការផ្សះផ្សានិងសហការរួមឡើងវិញ។ ជាអ្នកសមាជិកសហគមន៍អាស៊ាន ប្រទេសទាំងពីរត្រូវតែគោរពគោលការណ៍នៃការរួមរស់ដោយសន្តិភាព ការគោរពអធិបតេយ្យភាពនិងការពង្រឹងផលប្រយោជន៍រួមនៃតំបន់ ដើម្បីធ្វើឱ្យសមិទ្ធផលសន្តិភាពនេះ ក្លាយជារូបធាតុពិតក្នុងជីវិតនៃប្រជាជនទាំងពីរ។

ការត្រៀមចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី ក្នុងសប្ដាហ៍ទី៤ ក្នុងខែតុលានេះ កំពុងបង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន ក្នុងការទប់ស្កាត់វិវាទរវាងប្រទេសសមាជិក និងការអភិវឌ្ឍន៍សន្តិភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តម Mohamad Hasan បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះដ៏សំខាន់មួយនៃ «ការទូត លើវិស័យយោធា» ដែលបង្ហាញថា សន្តិភាពអាចរកបានតាមរយៈការចរចា និងមិនមែនតាមអាវុធឡើយ។

បើសិនជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ក្រោមការធ្វើជាសាក្សីដោយប្រធានា ធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានអនុវត្ត និងទទួលបានជោគជ័យជាក់ស្តែង នោះវានឹងក្លាយជាគំរូដ៏អស្ចារ្យសម្រាប់ដោះស្រាយជម្លោះក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក។ ជាផ្នែកមួយនៃមរតកនយោបាយសន្តិភាពរបស់លោក ដូណាល់ ត្រាំ កិច្ចព្រមព្រៀងនេះនឹងបន្តបញ្ជាក់ថា ពីមជ្ឈឹមបូព៌ាដល់អាស៊ីអាគ្នេយ៍ ការបញ្ចប់សង្គ្រាមតាមផ្លូវការទូត គឺជាយុទ្ធសាស្ត្រដាក់ចេញដោយជោគជ័យ និងធ្វើឲ្យឈ្មោះរបស់លោក ដូណាល់ ត្រាំ នឹងត្រូវបានគេចងចាំក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកដឹកនាំដែលជួយរកសន្តិភាពមកឲ្យពិភពលោក។

ក្នុងការសន្និដ្ឋានជារួម៖
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ មិនត្រឹមជាកិច្ចព្រមព្រៀងមួយសម្រាប់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញនៃជ័យជម្នះនយោបាយសន្តិភាព ដែលបង្ហាញពីថាមពលនៃការចរចា ការគោរពអធិបតេយ្យភាពនិងការសហការរវាងប្រទេសជាសមាជិកអាស៊ាន។ វាបង្ហាញដែរថា សន្តិភាពមិនមែនកើតចេញពីភាពទន់ខ្សោយ ឬការចុះចាញ់ឡើយ ប៉ុន្តែជាលទ្ធផលនៃភាពក្លាហានក្នុងការជឿជាក់លើតម្លៃនៃមនុស្សជាតិ ភាពអត់ធ្មត់និងការគោរពបទឈប់បាញ់ និងសេចក្ដីស្រឡាញ់ជាតិ និងតំបន់របស់ខ្លួន។

សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាស្នាដៃដ៏ធំមួយក្នុងប្រវត្តិសាស្ត្រនយោបាយសន្តិភាពរបស់លោក ដែលបន្តពីមជ្ឈឹមបូព៌ាដល់អាស៊ីអាគ្នេយ៍។ វាបញ្ជាក់ថា ភាពដឹកនាំដោយវិស័យទូតនិងទស្សនៈ«សន្តិភាពតាមកម្លាំង» របស់លោក ដូណាល់ ត្រាំ មិនត្រឹមតែជួយស្ដារភាពសុខសាន្តរវាងកម្ពុជានិងថៃទេ ប៉ុន្តែថែមទាំងបើកទ្វារទៅរកសមិទ្ធផលសន្តិភាពសកលថែមទៀត។ នៅពេលនេះកម្ពុជានិងថៃ កំពុងឈរនៅលើចំណុចប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលសកម្មភាពតូចៗណាមួយ ក៏អាចកំណត់ទិសដៅអនាគតនៃតំបន់ទាំងមូលបានដែរ។ ប្រសិនបើភាគីទាំងពីរអាចរក្សាបទឈប់បាញ់ អនុវត្តសេចក្ដីសន្យាដែលបានផ្តល់ និងរៀនយកមេរៀនពីអតីតកាលដោយចិត្តស្មោះបរិសុទ្ធ សន្តិភាព នឹងមិននៅត្រឹមជាស្រមោលឆ្ងាយ ឬពន្លឺដ៏រះស្រទន់ទៀតឡើយ។ វានឹងក្លាយជារូបភាពពិតប្រាកដ ដែលយើងអាចប៉ះបាន និងអាចរក្សាទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

ដូច្នេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ នឹងក្លាយជាសញ្ញានៃសេចក្ដីជឿជាក់ និងការចូលរួមរបស់មនុស្សទាំងអស់ ដែលជឿថា «សន្តិភាព» មានអំណាចសម្រួល និងរំលាយភាពប្រេះស្រាំនៃអតីតកាល ឲ្យក្លាយជាមិត្តភាព និងបម្លែងវាជាជើងសារដ៏រឹងមាំសម្រាប់កសាងស្ថាបនាអនាគតរួមរបស់ប្រជាជាតិទាំងមូល។ ក្នុងពេលដូចគ្នានេះដែរ ប្រជាជនកម្ពុជានិងថៃ នឹងមិនភ្លេចដល់តួនាទីដ៏សំខាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានដឹកនាំជំហានដ៏ក្លាហាន ក្នុងការបង្កើតសន្តិភាពដ៏ពិតប្រាកដនេះ។ វានឹងក្លាយជាស្នាដៃប្រវត្តិសាស្ត្រមួយ ដែលបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចផ្លាស់ប្តូរសង្គ្រាមឲ្យក្លាយជាសន្តិភាពបានដោយជោគជ័យ និងធ្វើឲ្យឈ្មោះរបស់លោកត្រូវចងចាំជានិមិត្តសញ្ញានៃសន្តិភាពសកលលោក៕