ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច កំពុងរៀបចំនីតិវិធីឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក មានប័ណ្ណសន្យាធានារ៉ាប់រងជាកាតព្វកិច្ច
16-10-2025 17:46
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរៀបចំនីតិវិធី ជំរុញឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកទាំងអស់ ត្រូវមានប័ណ្ណសន្យាធានារ៉ាប់រងជា កាតព្វកិច្ចសម្រាប់អាជីវកម្មរបស់ខ្លួន។
លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាច្រើនរូប។
លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរៀបចំនីតិវិធី ជំរុញឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកទាំងអស់ ត្រូវមានប័ណ្ណសន្យាធានារ៉ាប់រងជា កាតព្វកិច្ចសម្រាប់អាជីវកម្មរបស់ខ្លួន ដូច្នេះសូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសមាគមដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូន ចូលរួមពិភាក្សាលើការអនុវត្តការងារ ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងដំណោះស្រាយលើបញ្ហាដែលបានជួបប្រទះនាពេលកន្លងមក»។
បន្ថែមពីនេះជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក លោក ប៉េង ពោធិ៍នា ក៏បានចូលរួមជាមតិយោបល់បន្ថែមមួយចំនួន ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅពិនិត្យ និងរៀបចំជាយន្តការបន្ថែមដូចជា៖
ទី១៖ សូមអំពាវនាវដល់បងប្អូនប្រតិបត្តិករអាជីវកម្មដឹកជញ្ជូន និងក្រុមហ៊ុនឯកជនទាំងអស់ សូមចូលរួមប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះឱ្យបានគ្រប់ៗគ្នា និងសូមធ្វើការសិក្សាស្វែងយល់អំពីនីតិវិធី និងទាញយកអត្ថប្រយោជន៍ពីថ្នាលឌីជីថល ដែលក្រសួងខិតខំបង្កើតឡើង ដើម្បីបម្រើដល់ផលប្រយោជន៍រៀងៗខ្លួន។
ទី២៖ សូមមន្ត្រីជំនាញគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្របសម្រួល ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងក្នុងដំណាក់កាលផ្លាស់ប្តូរនេះ។
ទី៣៖ សូមស្នើកិច្ចសហការ និងការគាំទ្រពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការផ្តល់មតិយោបល់ត្រឡប់ ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងអាចធ្វើបច្ចុប្បន្នភាព អភិវឌ្ឍ និងកែលម្អប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរនាពេលអនាគត ស្របតាមតម្រូវការ និងការអនុវត្តជាក់ស្តែង។
ទី៤៖ សូមណែនាំដល់អគ្គនាយកដ្ឋានជំនាញ ត្រូវធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើកិច្ចការបច្ចេកទេសរបស់ប្រព័ន្ធនេះ ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ដឹងទូលំទូលាយ និងប្រើប្រាស់បានស្ទាត់ជំនាញ។
ទី៥៖ សូមបន្តស្នើ និងលើកទឹកចិត្តដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីប្រចាំការផ្តល់សេវា ជួរមុខទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលគំនិតជា «មន្ត្រីបម្រើរាស្ត្រ» ដោយត្រូវមានភាពរួសរាយរាក់ទាក់ និងសម្របសម្រួលជូនអ្នកស្នើសុំសេវាឱ្យបានល្អបំផុត៕