ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ កោតសរសើរគណៈមេធាវី ដែលចូលរួមលើកកម្ពស់ច្បាប់​ វិបុលភាព និងចូលរួមបំពេញការឱ្យវិស័យយុត្តិធម៌នៅកម្ពុជា (Video inside)

16-10-2025 17:48

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលការងារជាច្រើនដែលគណៈមេធាវី សម្រេចបានក្នុងរយៈពេល១ឆ្នាំ ទាំងការលើកកម្ពស់វិបុលភាព វិជ្ជាជីវៈមេធាវី ទាំងការលើកកម្ពស់ច្បាប់ និងកិត្តិយសស្ថាប័នគណៈមេធាវី ព្រមទាំងការចូលរួមបំពេញការឱ្យវិស័យយុត្តិធម៌នៅកម្ពុជា។

ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និងខួប៣០ឆ្នាំ នៃការបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សម្តែងនូវការអបអរសាទរ ខួបលើកទី៣០ នៃការបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមថា គណៈមេធាវីនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកបម្រើឱ្យវិស័យច្បាប់ និងយុត្តិធម៌ ក៏ដូចជាការជួយលើស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះសមិទ្ធផលការងារជាច្រើនដែលគណៈមេធាវី ក្រោមការដឹកនាំរបស់ឯកឧត្តម សាំង វណ្ណៈ សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅ ទាំងការលើកកម្ពស់វិបុលភាព វិជ្ជាជីវៈមេធាវី ទាំងការលើកកម្ពស់ច្បាប់ និងកិត្តិយសស្ថាប័នគណៈមេធាវី ព្រមទាំងការចូលរួមបំពេញការឱ្យវិស័យយុត្តិធម៌»

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថាការប្តេជ្ញាចិត្តរបស់ប្រធានគណៈមេធាវី និងមេធាវីទាំងអស់ នឹងធ្វើឱ្យវិជ្ជាជីវៈមេធាវីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់កិត្តិយស មុខមាត់ និងជំនឿទុកចិត្តរបស់សាធារណជនមកលើវិជ្ជាជីវៈមេធាវីនៅក្នុងសង្គមកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានកត់សម្គាល់នូវចំណុចសំខាន់ៗមួយចំនួនដែលជាការចូលរួមចំណែកមិនអាចខ្វះបានរបស់មេធាវី នៅក្នុងប្រព័ន្ធយុត្តិធម៌ និងសង្គមជាតិកម្ពុជា។ វិជ្ជាជីវៈមេធាវី ត្រូវបង្កើតឡើងដោយច្បាប់ ដើម្បីបំពេញតួនាទីដ៏មានសារៈសំខាន់ ដើម្បីចូលរួមបម្រើឱ្យវិស័យយុត្តិធម៌ ដូចជាវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងអាជ្ញាសាលាផងដែរ។

សូមជម្រាបថា រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា ដែលដឹកនាំដោយលោកមេធាវី សាំង វណ្ណៈ ជាប្រធាន បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។ ក្នុង ១ឆ្នាំនេះគណៈមេធាវី បានផ្តល់មេធាវីជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបានចំនួន២៨០ករណី មានស្ត្រីរងគ្រោះចំនួន ៣៣១នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៧៧នាក់។

ដោយអនុវត្តតាមគោលនយោបាយដែលបានដាក់ចេញ គណៈមេធាវីនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រទូទាំងប្រទេស ដែលមាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ជាសេនាធិការ និងមានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៦២៤រូប។ ដើម្បីឱ្យការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ បានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព នោះរាល់ការបញ្ជូនឯកសារស្នើសុំមេធាវី និងលិខិតចាត់តាំងមេធាវី គឺធ្វើឡើងតាមរយៈប្រព័ន្ធតេឡេក្រាម ជាបឋម ឯសំណៅដើមនឹងបញ្ជូននៅពេលក្រោយ៕