មេសិទ្ធិមនុស្សកម្ពុជា ផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅខេត្តកំពង់ស្ពឺ
16-10-2025 17:58
(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤» នៅខេត្តកំពង់ស្ពឺ។
សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីតំណាងសាលាដំបូងខេត្តមកំពង់ស្ពឺ អយ្យការ អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្ត និងតំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាប្រមាណជាង ២០០នាក់។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ៗមួយចំនួន រួមមានបង្កើនការយល់ដឹងអំពីយន្ដការ UPR, ខ្លឹមសាររបាយការណ៍សិទ្ធិមនុស្សជាតិ និងអនុសាសន៍ដែលកម្ពុជាបានទទួលយកសំដៅជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់កម្រិត ក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកតម្កើងកិត្យានុភាពជាតិ លើវិស័យសិទ្ធិមនុស្សនៅឆាកតំបន់ និងអន្តរជាតិ និងជាពិសេស ដើម្បីឧត្តមប្រយោជន៍ប្រជាជនទូទៅ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងថា ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) គឺជាយន្ដការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង១៩៣ ត្រូវចូលរួមក្នុងការដាក់របាយការណ៍សិទ្ធិមនុស្សជាតិរបស់ខ្លួន ឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិដទៃទៀតពិនិត្យ និងផ្ដល់មតិយោបល់ ឬអនុសាសន៍ នៅចន្លោះពីបួនឆ្នាំកន្លះ ទៅប្រាំឆ្នាំម្ដង។ យន្ដការនេះ មានគោលបំណងធ្វើឱ្យប្រសើរ ឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ និងការផ្ដល់ជំនួយបច្ចេកទេសរវាងរដ្ឋនិងរដ្ឋ ព្រមទាំងភាគីជាដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ ត្រូវបានលើកយកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា មិនថាជាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេសអភិវឌ្ឍន៍នោះទេ។
ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបង្ហាញនូវឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ព្រមទាំងការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានា។ លើសពីនេះ កម្ពុជាថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ក្នុងការរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជា ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយជាពិសេសតាមរយៈនយោបាយ ឈ្នះ ឈ្នះ បាននាំយកនូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស មិនតែប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជា មិនមានទោសប្រហារជីវិតឡើយ ដែលទាំងនេះគឺកត្តាចម្បងចាំបាច់បំផុតក្នុងការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបានរបស់មនុស្សគ្រប់រូប មុននឹងនិយាយអំពីសិទ្ធិដទៃទៀត។ ទន្ទឹមគ្នា លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ថ្មីៗនេះ ការប្រើប្រាស់សំឡេងរំខាន ក្នុងទម្រង់បំភិតបំភ័យ និងយាយីផ្លូវចិត្ត មកលើប្រជាជនខ្មែរ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ លោកក៏បានសម្តែងនូវអំណរគុណដល់វីរកងទ័ពយើងដែលបានខិតខំពុះពារ ការពារជាតិ មាតុភូមិកម្ពុជាផងដែរ៕