សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

16-10-2025 19:14

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

សារលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ « ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាទីរាប់អាន! ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមចូលរួមអបអរ សាទរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៥/១៣៣២ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

ការត្រាស់បង្គាប់តែងតាំងដ៏ថ្លៃថ្លានេះ ពិតជាស័ក្តិសមឥតខ្ចោះចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានចូលរួមដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំប្រជាជាតិកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះ មហាក្សត្រ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងការរក្សាបាននូវឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ ការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងការអភិវឌ្ឍវិស័យផែនការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច បាននាំមកនូវប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនសង្គមជាតិ សំដៅសម្រេចបាននូវ និរន្តរភាព ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់ ប្រកបដោយស្វាមី ភក្តិចំពោះព្រះរាជបល្ល័ង្ក។

ខ្ញុំ សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួល បាននូវសព្ទសាធុការពរជ័យគ្រប់ប្រការ និងសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕