អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់សារធារណជន ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការមិនបង្កើតព័ត៌មានក្លែងក្លាយ

16-10-2025 21:12

(សៀមរាប)៖ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានអំពាវនាវដល់សារធារណជន ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការមិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មានក្លែងក្លាយ ហើយផ្សព្វផ្សាយតែព័ត៌មានពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ដោយព័ត៌មានក្លែងក្លាយបានកំពុងបំផ្លាញសង្គម បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។

ការអំពាវនាវយ៉ាងដូចនេះរបស់លោក យឿន ចាន់ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំផុសគំនិតប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ស្វែងរកប្រភពព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

លោកបានបន្តថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺមានគោលដៅកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនូវកម្រិតអប្បបរមា សំដៅធានាសន្តិសុខព័ត៌មាន ទទួលបានព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព និងបញ្ជ្រាបជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ឱ្យបានដឹងពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមមូលដ្ឋាន។

លោកបន្តថា ការធ្វើយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មានផ្ដោតជាសំខាន់ចំនួន៣ រួមមាន៖ ទី១- ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២- គុណភាពព័ត៌មាន ផ្ដល់ជូនប្រជាពលរដ្ឋ និងទី៣- សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។

សូមជម្រាបថា យុទ្ធនាការនាពេលនេះដែរ អាជ្ញាធរក្រុងស្រុកទាំង២ បានបង្ហាញការគាំទ្រពេញទំហឹង ព្រោះយុទ្ធនាការមួយនេះ ពិតជាមានសារៈសំខាន់ សម្រាប់ជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ប្រកបដោយការទទួលខុសត្រូវ និងពិចារណាឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកព័ត៌មានណាមួយ៕