ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ៣ឆ្នាំម្នាក់ នៅខេត្តកំពង់ស្ពឺ (Video inside)

16-10-2025 21:53

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានកើតលើកុមារីអាយុ ៣ឆ្នាំម្នាក់ នៅភូមិចេក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ដូចនេះថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៣ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ អ្នកជំងឺមានទីលំនៅក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរោគសញ្ញា គ្រុនក្តៅ រាក ក្អក និងឈឺពោះ។

បច្ចុប្បន្ន អ្នកជំងឺកំពុងទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺនិងផ្ទះអ្នកជិតខាង មានមាន់ ទា ឈឺ និងងាប់ជាបន្តបន្ទាប់ ប្រហែលមួយសប្តាហ៍មុនថ្ងៃកុមារឈឺ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕

ខាងក្រោយនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖