អាវុធហត្ថស្រុកកំពង់សីលាម្នាក់ ដែលរងការចោទប្រកាន់ពីពលរដ្ឋរឿងដកកាំភ្លើងភ្ជង់តាមដងផ្លូវ ត្រូវអង្គភាពហៅទៅសួរនាំ, បុគ្គលអាវុធហត្ថសារភាពថា មិនបានដកកាំភ្លើងភ្ជង់ឡើយ
17-10-2025 10:53
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់អំពីចំណាត់ការអនុវត្តវិន័យ លើមន្ដ្រីអាវុធហត្ថស្រុកកំពង់សីលាម្នាក់ ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវពាក់ព័ន្ធករណីដងកាំភ្លើងភ្ជង់។
លោកបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1LG-8986 ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.) ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មកគំរាមអ្នកទាំងពីរ ខណៈពេលបើកបរលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅផ្ទុយគ្នា។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្ដទៀតថា ជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រិន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។
លោកបានរៀបរាប់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រថយន្តធំដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ បានបើកបរលើផ្លូវជាតិលេខ៤ ឡើងវ៉ាជែងរថយន្តចំនួន៣គ្រឿង ចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេឡានខ្លាំងៗដាក់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។
បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏អែបខាងឈប់ម៉ូតូ បើកកែបម៉ូតូយកកាំភ្លើងខ្លី១ដើមកាន់នៅដៃ ក៏ជិះម៉ូតូត្រឡប់ទៅក្រោយតាមរថយន្ត ប្រហែល៥០០ម៉ែត្រក៏ឃើញរថយន្តនោះអែបខាងឈប់ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏សួរអ្នកបើកបររថយន្តថា «បងឯងបើករថយន្តរបៀបមិច» ខាងអ្នកបើកបររថយន្តតបវិញថា «អ្នកឯងបើកម៉ូតូរបៀបមិច»។ ហើយបុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រឡប់ក្រោយវិញ មិនបានស្រែកគំរាមកំហែង ហើយក៏មិនបានលើកកាំភ្លើងខ្លីភ្ជុងទៅអ្នកបើកបររថយន្តទេ។
ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ជាមួយនឹងឈ្មោះ ថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ នៅថ្ងៃកើតហេតុនោះរួចរាល់។ បច្ចុប្បន្នបុគ្គលឈ្មោះ ខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីទណ្ឌកម្មវិន័យកងទ័ព៕