ទិវាស្បៀងអាហារពិភពលោក! មន្ដ្រីជាន់ខ្ពស់កសិកម្ម ជំរុញឲ្យបង្កើនការសហការគ្នា ចុះពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ

17-10-2025 12:12

(មណ្ឌលគិរី)៖ លោក មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥​ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៥​។

ថ្លែងក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានសម្ដែងការស្វាគមន៍​ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិស័យកសិកម្ម ប្រកបដោយចីរភាព និងភាពធន់ សម្រាប់សហគមន៍ទាំងមូល។ លោកអភិបាលរង​ បានបន្ថែមពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ជាមួយនឹងសហគមន៍មូលដ្ឋាន ក្នុងការរួមគ្នាកសាងប្រព័ន្ធស្បៀងអាហារ ឱ្យកាន់តែរឹងមាំ និងបរិយាបន្ន។

ទន្ទឹមនឹងនេះ​ លោកស្រី REBEKAH BELL តំណាងអង្គការ (FAO) បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងអង្គការ (FAO) និងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាសហគមន៍មូលដ្ឋាន​ ដែលគិតគូរពីអនាគត ដែលធានាបាននូវសន្តិសុខស្បៀងរឹងមាំ តាមរយៈភាពជាដៃគូ ការកសាងទំនុកចិត្ត ប្រកបដោយភាពជឿជាក់ និងធានាថា មិនមាននរណាម្នាក់ ត្រូវបានទុកចោលនោះឡើយ។

បន្ថែមពីនេះ​ លោកស្រី ផាក យ៉ុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានលើកឡើងពីសារៈសំខាន់ នៃកម្លាំងរួមគ្នារវាងសហគមន៍ រាជរដ្ឋាភិបាល យុវជន និងប្រជាកសិករ​ លើការកសាងអនាគតរបស់ពួកគាត់ ឲ្យបានល្អប្រសើរ។

តាមរយៈកម្មវិធីនេះ​ លោកស្រី​ជឿជាក់ថា សន្តិសុខស្បៀងកើតចេញពីកិច្ចខិតខំប្រឹងប្រែង គ្រប់តួអង្គពាក់ព័ន្ធទាំងអស់​ ដើម្បីផលិតអាហារូបត្ថម្ភដ៏សម្បូរបែប និងប្រែក្លាយឧបសគ្គ ទាំងឡាយទៅជាកាលានុវត្តភាព ដើម្បីកសាងជីវិតរស់នៅឲ្យកាន់តែប្រសើរ​ និងរួមគ្នាបង្កើតក្តីសង្ឃឹមថ្មី ដើម្បីឆ្ពោះទៅយកនូវអនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។

ស្ថិតក្រោមមូលបទ «យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគត កាន់តែប្រសើរ» លោករដ្ឋលេខាធិការ​ បានសម្តែងក្តីសោមនស្សរីករាយ​ និងបានលើកឡើងពីតួនាទីដ៏សំខាន់ របស់វិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងគោលដៅជំរុញវឌ្ឍនភាពវិស័យមួយនេះទៅអនាគត។

លើសពីនេះ​ ចាប់តាំងពីការរៀបចំ លើកដំបូងកាលពីឆ្នាំ១៩៨១ ទិវាស្បៀងអាហារពិភពលោកនេះ បានក្រើនរំឭកយើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ​ ស្របពេលនៃការចូលរួមអបអរទិវាដ៏មានអត្ថន័យនេះ ជាមួយពិភពលោក, កម្ពុជាសូមបង្ហាញនូវការប្ដេជ្ញាចិត្ត តាមរយៈការធ្វើសកម្មភាពរួមគ្នា សំដៅឆ្ពោះទៅរកពិភពលោកមួយ ដែលគ្មានភាពអត់ឃ្លាន។

នៅចំពោះមុខអង្គពិធី លោករដ្ឋលេខាធិការ​ មាស​ ពិសិដ្ឋ​ បានផ្តល់អនុសាសន៍ ក្នុងការបង្កើនការសហការ ជាមួយតួអង្គពាក់ព័ន្ធទាំងអស់​ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ​​ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ​ សំដៅជួយសង្គ្រោះ​ និងស្តារបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ​ និងជំរុញការធ្វើកសិកម្ម តាមកិច្ចសន្យាសម្រាប់ពាណិជ្ជកម្ម។​

មិនត្រឹមតែប៉ុណ្ណោះ​ ត្រូវបង្កើនផលិតភាពកសិកម្ម សំដៅធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងចូលរួមគាំទ្រនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ក៏ដូចជាការកសាងសហគមន៍កសិកម្មទំនើប​ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែប។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋលេខាធិការ​ មាស​ ពិសិដ្ឋ​។

លោករដ្ឋលេខាធិការ​ ក៏បានថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការ (FAO) ព្រមទាំងដៃគូអភិវឌ្ឍន៍​ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការរៀបចំ និងប្រារព្ធទិវាដ៏មានអត្ថន័យនេះ និងរក្សាឱ្យមានសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភល្អជារៀងរហូត៕