សម្តេចមហាមន្ត្រី គុយ សុផល បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លានៃអង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តរងគ្រោះដោយការឈ្លានពានពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

17-10-2025 13:02

(បន្ទាយមានជ័យ)៖ សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយសុផល តំណាងដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានអញ្ជើញនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារការឈ្លានពានពីទាហានថៃយកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សុខ នារី គុយសុផល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តរងគ្រោះដោយការឈ្លានពានពីទាហានថៃ យកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានចំនួនសរុបប្រមាណ ១,០១៣គ្រួសារ រស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អញ្ចើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ មានលោក ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំងជាច្រើន និងមានការអញ្ជើញចូលរួមទទួលស្វាគមន៏ចំពោះវត្តមានសម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ពីសំណាក់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

ព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាងនិងលោកជំទាវ សុខ នារី គុយសុផល បានចែកជូនដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖
- អង្ករចំនួន ១បាវ = ៥០គីឡូក្រាម
-ឃីតចំនួន ១កញ្ចប់= (មុង ១, ភួយ ១, ក្រមា ១, សារុង ១)
- អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន០១
- មី ចំនួន ២កេស
- ត្រីខ ចំនួន ១០កំប៉ុង
- ទឹកត្រី ចំនួន ១យួរ (៦ដប)
- ទឹកស៊ីអ៊ីវ ចំនួន ១យួរ (៦ដប)
- ទឹកដោះគោខាប់ ចំនួន ១០កំប៉ុង
- កន្ទេល ចំនួន១
-តង់កៅស៊ូ ចំនួន ០១ (៤ម X ៦ម)
-ថវិកាចំនួន ៤០០ ០០០ រៀល (ព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ២០០ ០០០រៀល រួមនឹងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ចំនួន ២០០ ០០០រៀល) ។

សូមជម្រាបថា ប្រជារាស្រ្តដែលមកទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលនេះមានប្រជារាស្ត្ររស់នៅភូមិព្រៃចាន់ ចំនួន២៦៤គ្រួសារ និងភូមិជោគជ័យចំនួន ៧៤៩គ្រួសារ ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕