ទំនប់ចាំក្តាន់ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងរដូវទឹកឡើងនេះ

17-10-2025 13:07

(ព្រៃវែង)៖ ទំនប់ចាំក្តាន់ ស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានផ្ទៃដីធំប្រមាណ ១០ហិកតា ហើយក៏ជាទំនប់ស្តុកទឹកសម្រាប់ពលរដ្ឋធ្វើស្រូវប្រាំង ឥឡូវនេះក៏ក្លាយទៅជាតំបន់សត្វព្រៃរស់នៅ យ៉ាងច្រើន ហើយបើសិនមានការរៀបចំល្អ និងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន បន្ទាប់ពីតំបន់បឹងស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំផងដែរ។

ប្រជាពលរដ្ឋនៅតំបន់នេះ បានឲ្យដឹងថា ទំនប់ចាំក្តាន់នេះ យើងអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ៨ ដល់កន្លែងស្ថានីយថ្លឹងរថយន្ត បត់ចូលខាងស្ដាំដៃតាមផ្លូវ១ខ្សែរ ជិះប្រហែលពី៣ទៅ៤គីឡូម៉ែត្រនោះ និងដល់ទំនប់ចាំក្តាន់នេះហើយ និងឃើញមានសត្វស្លាបជាច្រើនស្រែកលឺអឺងកងរំពងពេញព្រៃលិចទឹក។

មួយវិញទៀតបងប្អូនប្រជាពលរដ្ឋក៏អាចធ្វើដំណើរកាត់តាមស្រុកពោធិ៍រៀង កាត់តាមវាលទៅក្រុងព្រៃវែង រឺមកពីក្រុងព្រៃវែងមកដល់ចំណុចស្ពានកំពង់ខ្សាច់ គឺនៅខាងស្ដាំដៃជាតំបន់ព្រៃលិចទឹក ធ្វើដំណើរតែ២គីឡូម៉ែត្រប៉ុណ្ណោះ ដល់កន្លែងជំរកសត្វព្រៃទាំងនោះហើយ។

បន្ថែមលើសពីនេះ ប្រជាពលរដ្ឋបានលើកឡើងថា តំបន់ចាំក្តាន់នេះមានសត្វស្លាបច្រើន ដោយមានការសហការពីអាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើឲ្យតំបន់នេះជាកន្លែងអភិរក្សពុំមានការបរបាញ់នោះទេ។

ពលរដ្ឋដែលបានស្នើដល់មន្ទីរពាក់ព័ន្ធ សូមជួយអភិរក្សតំបន់នេះឲ្យបានប្រសើរបន្ថែមទៀត ដើម្បីឲ្យមានសត្វស្លាបកាន់តែច្រើន និងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ពលរដ្ឋនៅមូលដ្ឋានក៏មានប្រាក់ចំណូលបន្ថែមទៀតផងដែរ៕