មន្ត្រីជំនាញរបស់ក្រសួងការងារ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី ដើម្បីឈានទៅរកដំណោះស្រាយសមស្របបញ្ចប់ករណីតវ៉ា

17-10-2025 13:14

(ភ្នំពេញ)៖ នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ ដែលដឹកនាំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី (PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលានេះ។

លោកបានលើកឡើងថា សំណូមពររបស់បងប្អូនកម្មករនិយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាពរបស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាបាននូវសុខដុមនីយកម្មនៅក្នុងសហគ្រាសរវាងនិយោជិត និងនិយោជកដែលជាការចង់បានរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ អំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងនិយោជកបន្តជឿជាក់លើការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាល៕