នៅខេត្តកំពង់ចាម ករណីវិវាទដីធ្លីថយចុះជាលំដាប់ ក្រោយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានបញ្ចប់ទាំងស្រុង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នា
17-10-2025 13:19
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ករណីវិវាទដីធ្លី មានការថយចុះជាលំដាប់ បន្ទាប់ពីមន្ទីររៀបចំដែនដីខេត្ត សម្រេចបាននូវការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានបញ្ចប់ទាំងស្រុង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយបានចែកជូនដល់ដៃប្រជាពលរដ្ឋស្ទើរតែគ្រប់រូបទាំងអស់។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ក្រោមវត្តមានលោក ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
លោក អ៊ុន ចាន់ដា បានថ្លែងថា តាមរយៈបទបង្ហាញពីសកម្មភាពនានារបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត អង្គសន្និបាត បានសំដែងការរីករាយប្រកបដោយមោទនភាព និងការទទួលខុសត្រូវ ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យដែលខេត្តកំពង់ចាម សម្រេចបានជាពិសេសលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលជាការរួមចំណែកយ៉ាងសក្តិសម ក្នុងសមិទ្ធផលរួមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត សម្រេចបាននូវការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានបញ្ចប់ទាំងស្រុង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយបានចែកជូនដល់ដៃប្រជាពលរដ្ឋជាម្ចាស់ស្ទើរតែគ្រប់រូបទាំងអស់ ធ្វើឱ្យករណីវិវាទដីធ្លី មានការថយចុះជាលំដាប់ ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០២៥ តួលេខបង្ហាញថាមានការថយចុះទាបជាងឆ្នាំមុន ប៉ុន្តែទុនវិនិយោគលើការអភិវឌ្ឍន៍ជាក់ស្ដែងមានកម្រិតខ្ពស់ជាងឆ្នាំមុន។
លោក ម៉ៅ វិបុល បានយកឱកាសនោះសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរ ដនសស ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ ដែលបានរួមគ្នាបំពេញភារកិច្ចដ៏ថ្លៃថ្លានេះ ក្នុងបុព្វហេតុរួម គឺបម្រើប្រជាជន និងរួមចំណែកអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហានៃយើង។
លោកថា សមិទ្ធផលទាំងនេះ ពិតជាស័ក្តិសមណាស់ ដែលខេត្តកំពង់ចាម គឺជាខេត្តមួយគំរូមួយ ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ហើយត្រូវបាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជ្រើសយកជាខេត្តដំបូងគេ ដើម្បីប្រកាសបិទបញ្ចប់ការងារវាស់វែងចុះបញ្ជីដីធ្លី នាពេលកន្លងមក៕