អ្នកបើកឡានបុកមនុស្សស្លាប់ម្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវតុលាការផ្តន្ទាទោសត្រឹម១៤ខែ និងបង្គាប់ឲ្យសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះ១៥លានរៀល, គ្រួសារទទួចឲ្យតំណាងអយ្យការប្ដឹងសាលាឧទ្ធរណ៍

17-10-2025 13:26

(តាកែវ)៖ លោក ង៉ែត ណារ័ត្ន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តតាកែវ បានកាត់ទោសអ្នកបើកបររថយន្ដដឹកខ្សាច់ ដែលបុកអ្នកជិះកង់ស្លាប់ រួចរត់គេចពីកន្លែងកើតហេតុ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដាក់ទោសត្រឹមតែ ១៤ខែ និងបង្គាប់ឲ្យសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះត្រឹមតែ១៥លានរៀលប៉ុណ្ណោះ។

ការសម្រេចក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៣១៨ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ ណាំ ឈាវ ឬ ប៊ន ណាំ ឈាវ បានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ម៉ម ឈីម រស់នៅភូមិទង្គែ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ មិនអស់ចិត្តទាល់តែសោះ ព្រោះតែគ្មានស្ថានទម្ងន់ទោស ដូចដែលជនជាប់ចោទបានប្រព្រឹត្តដោយសារតែរត់គេចពីកន្លែងកើតហេតុ ហើយម្យ៉ាងទៀត បើគិតពីពេលសមត្ថកិច្ចចាប់ខ្លួនបានជនបង្ក គឺនៅសល់តែពីខែទៀតប៉ុណ្ណោះ នឹងផុតការអនុវត្តទោសក្នុងពន្ធនាគារ។

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ជនរងគ្រោះឈ្មោះ ម៉ម ឈីម បានស្នើសុំយ៉ាងទទូចដល់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ មេត្តាជួយប្ដឹងឧទ្ធរណ៍ក្នុងសំណុំរឿងនេះ ដោយសារតែគ្រួសាររបស់ជនរងគ្រោះ បានបាត់បង់ឪពុកគ្មានថ្ងៃត្រឡប់។

សូមរំលឹកថា ករណីរថយន្ដដឹកខ្សាច់បុកអ្នកជិះកង់ស្លាប់ នៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនអ្នកបើករថយន្ដបង្កបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

រថយន្ដប្រភេទបែនដឹកខ្សាច់ (កង់៦) បានបុកអ្នកជិះកង់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាវេលាម៉ោង៥៖១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ម ឈីម ភេទប្រុស អាយុ៦៦ឆ្នាំ បានជិះកង់ហាត់ប្រាណនៅតំបន់ខាងលើ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដបង្កបុក បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនតាមផ្លូវទៅមន្ទីរពេទ្យ៕