មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី កោតសរសើរក្រុមការងារទាំងអស់របស់មន្ទីររៀបចំដែនដីខេត្តកណ្តាល ធ្វើប្លង់រឹងដល់ពលរដ្ឋបានច្រើន និងលឿនរហ័ស

17-10-2025 14:24

(កណ្តាល)៖ លោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់មន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត អនុវត្តការងារកន្លងមកនេះ ដើម្បី សម្រេចបាននូវគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគូរបនីយកម្ម និងសំណង់។

លោកថ្លែងសរសើរបែបនេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ​ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

លោកអនុរដ្ឋលេខាធិការ បានបន្តថា សម្រាប់ខេត្តកណ្តាល តាមវឌ្ឍនភាពថ្មីៗនេះឃើញថា បានអនុវត្តការងារចុះបញ្ជីនេះបានច្រើនក្នុងនោះ គិតពីចាប់ផ្តើមដំណើរការ ដល់ខែសីហា ឆ្នាំ២០២៥ វាស់វែងបានច្រលនលើសលប់។ ដោយឡែកភូមិ៣ទៀតជាប់ព្រំដែនរង់ចាំការសម្រេចពីគណៈកម្មការព្រំដែនជាមុនសិន ព្រោះជាភូមិជាប់ព្រុំប្រទល់ប្រទេសវៀតណាម។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានវាយតំលៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល គឺមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះទាំងការផ្តល់សេវាសាធារណៈតាមរយៈ យន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្ត, ការផ្តល់សេវាតាមប្រព័ន្ធអនឡាញ, ការងារចុះបញ្ជីដីធ្លី, ការងារៀបចំដែនដី និងនគរូបនីយកម្ម, ការងារសំណង់, និងការងារលំនៅឋានជាដើម។

បើយោងតាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអោយដឹងថា៖ ខេត្តកណ្តាលបានចាប់ផ្តើមអនុវត្តការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក ដល់បច្ចុប្បន្ន។ក្នុងចំណោម១០១០ភូមិទូទាំងខេត្ត បានចុះបញ្ជីចប់ចំនួន៦២៨ភូមិ ស្មើនឹង ៤៦៧,៥៣០ក្បាលដី, ភូមិកំពុងបិទផ្សាយ និងបិទផ្សាយចប់មានចំនួន ២៩៦ភូមិ ស្មើនឹង ២៧៦,៤២៣ក្បាលដី និង ភូមិត្រៀមបិទផ្សាយមានចំនួន ៨៣ភូមិ ស្មើនឹង ៨១,២៣៧ក្បាលដី៕