លោក យិន ច័ន្ទធួន តំណាងលោក ហ៊ុយ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងពង្រឹងការងារផ្តល់សេវាសាធារណៈនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

17-10-2025 14:32

(ភ្នំពេញ)៖ លោក យិន ច័ន្ទធួន តំណាងលោក ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំឆ្លងរបាយការណ៍សកម្មភាព លទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅសម្រាប់តុលា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានការប្រកាសសេចក្តីសម្រេចតែងតាំងអនុប្រធានក្រុមការងារ ចុះជួយភូមិចំពុះក្អែក របស់សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផងដែរ។

ថ្លែងនៅក្នុងពិធីនោះ លោក យិន ច័ន្ទធួន បានផ្តាំផ្ញើទៅកាន់ក្រុមការងារចុះជួយសង្កាត់ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងប្រធាន អនុប្រធានភូមិទាំង៦ ឲ្យយកចិត្តទុកដាក់ខ្ពស់លើចំណុចគន្លឹះសំខាន់ៗ មួយចំនួន៖

*ទី១៖ ការផ្តល់សេវាសាធារណៈ៖ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរដូចភ្លៀងរលឹម ដោយមន្ត្រីត្រូវចងចាំថាខ្លួន គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់គាត់នោះទេ
*ទី២៖ ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៖ បន្តពង្រឹងការអនុវត្តគោលនយោបាយនេះ តាមរយៈការលុបបំបាត់គ្រឿងញៀន ក្រុមបងតូចបងធំ ចោរលួច ចោរប្លន់ និងល្បែងស៊ីសងក្នុងមូលដ្ឋាន
*ទី៣៖ ការងារដោះស្រាយវិវាទ៖ ជំរុញការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងមូលដ្ឋាន ព្រោះនេះជាកិច្ចការល្អបំផុតសម្រាប់មន្ត្រីបក្សដើម្បីរក្សាភាពសុខដុមរមនាក្នុងសង្គម
*ទី៤៖ ពង្រឹងកិច្ចការកសាង និងពង្រឹងបន្តអនុវត្តជាអចិន្ត្រៃយ៍ចាប់ពីសមាជិកម្នាក់ គ្រួសារមួយ សហគមន៍មួយ ភូមិមួយ រហូតដល់ថ្នាក់សង្កាត់
*ទី៥៖ ជំរុញការជឿជាក់ទាំងស្រុងលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី និងបន្តដឹងគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងពង្រឹងការងារឲ្យកាន់តែរឹងមាំ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ៕