ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ដ្រាក់២០គ្រួសារ នៅក្រុងដូនកែវ ទទួលបានអំណោយរបស់សាខាកាកបាទក្រហមខេត្ត
17-10-2025 14:43
(តាកែវ)៖ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារកាកបាទក្រហមអនុសាខាក្រុងដូនកែវ និងក្រុមការងារកាកបាទក្រហមសង្កាត់បារាយណ៍ ក្រុងដូនកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ២១គ្រួសារ ដែលមានចាស់ជរាគ្មានទីពឹង ទីទ័លក្រ ងាយរងគ្រោះដោយទឹកជំនន់ និងរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិចំនួន៥ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ម៉ឹង វុធី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ និងលោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ប្រេងឆា១លីត្រ, នំ១ប្រអប់, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រម៉ា១ និងថវិកា២ម៉ឺនរៀល៕