រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

17-10-2025 14:41

(រតនគិរី)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលខេត្តរតនគិរី ស្តីទី ព្រមទាំងមានការចូលរួមផងដែរ ពីអភិបាលរងខេត្ត អាជ្ញាធរក្រុង,ស្រុក, ឃុំ,សង្កាត់, មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះ លោក ខ័ណ្ឌ ចំណាន បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ៣ខែកន្លងមកនេះ ដែលបានស្តែងឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ច ដែលបានកំណត់ដោយក្របខណ្ឌ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរសកម្ម នៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់មូលដ្ឋាន។

លទ្ធផលទាំងនេះ គឺជាការចូលរួមចំណែកដ៏ធំធេងរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ ប្រជាការពារ ព្រមទាំងមានការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋផងដែរ។ ជាងនេះទៅទៀតនោះ រដ្ឋបាលខេត្តរតនគិរី នឹងខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួលទាក់ទាញការវិនិយោគ និងទេសចរណ៍។

ស្របតាមចក្ខុវិស័យ របស់ក្រសួងមហាផ្ទៃ, រដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជនបម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

លោក ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទកៈ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានជំរុញនិងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

លោកក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕