ក្នុងជំនួបជាមួយ គណៈប្រតិភូអ៊ុយក្រែន, មេស៊ីម៉ាក់កម្ពុជា ប្រាប់ថា សន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់មនុស្សជាតិ និងការអភិវឌ្ឍន៍ប្រទេស
17-10-2025 14:45
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយលោក Reva Serhii ប្រធានក្រុមគណៈប្រតិភូ អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដើម្បីសិក្សាស្វែងយល់បន្ថែម ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសអំពីបទពិសោធន៍ប្រកប ដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាព CMAC។
ក្នុងជំនួបនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក HIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
ក្នុងឱកាសនេះ លោក ហេង រតនា បានជម្រាបជូនគណៈប្រតិភូអ៊ុយក្រែន (SESU) អំពីវឌ្ឍនភាពការងារបោសសម្អាតមីន និងការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសរបស់អង្គភាព CMAC។
លោក ហេង រតនា ក៏បានជម្រាបជូនបន្ថែមថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់មនុស្សជាតិ និងការអភិវឌ្ឍន៍ប្រទេស នឹងអ្វីៗដែលកម្ពុជាសម្រេចបានមកថ្ងៃនេះ និងបន្តរីកលូតលាស់រុងរឿងទៅអនាគត។
គណៈប្រតិភូប្រទេសអ៊ុយក្រែន (SESU) ក៏បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរតេជោសន្តិភាព ពិនិត្យមើលការហ្វឹកហ្វឺនរបស់មន្រ្តី SESU លើការថែទាំ និងការប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចមីន ប្រភេទ Nikken នៅទីតាំងហ្វឹកហ្វឺនពពេល ខេត្តសៀមរាប ទស្សនកិច្ចចម្ការមីននៅខេត្តបាត់ដំបង និងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនផងដែរ៕