ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ស ថេត, ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាល​កូរ៉េ ទទួលស្គាល់ការប្រឹងប្រែងរបស់នគរបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ

17-10-2025 15:02

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ ទទួលបន្ទុកការងារស៊ើបអង្កេត នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីការបង្កើនទំនាក់ទំនងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមាន អំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងតែមានកំណើននៅក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនោះ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញារត់គេចខ្លួន និងឈានទៅដល់ការចាប់ខ្លួន បំពេញនីតិវិធីប្រគល់ជូនភាគីកូរ៉េបានជាច្រើនករណី នាពេលកន្លងមក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកាពគ្នា បន្តជំរុញបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់អោយកាន់តែជិតស្និទ និងស៊ីជម្រៅប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕