អភិបាលក្រុងអរិយក្សត្រ ផ្ដាំផ្ញើប្រជាការពារ ដែលរៀនសូត្រនូវចំណេះដឹងថ្មីៗ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព

17-10-2025 15:52

(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានផ្ដាំផ្ញើបងប្អូនប្រជាការពារទាំងអស់ សូមយកចិត្តទុកសិក្សារៀនលើជំនាញទាំង៦ ដែលគ្រូជំនាញបង្គោលចុះមកបង្រៀន ដើម្បីតម្រង់ទិស ធ្វើយ៉ាងណាអប់រំឲ្យស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួន សំដៅដល់ការបម្រើពលរដ្ឋ លើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋាន ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ថិតនៅក្នុងឱកាសជំនួប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ចាន់ តារា បានថ្លែងថា វគ្គនេះបង្រៀនឲ្យប្រជាការពារ ឲ្យចេះពង្រឹងរចនាសម្ព័ន្ធប្រជាការពារតាមសង្កាត់ ឲ្យបន្តវេន បណ្ដុះបណ្ដាលបន្ថែម និងពង្រីកសមាជិកឲ្យបានច្រើន។ ឲ្យចេះពីរបៀបសហការជាមួយមន្ត្រីនគរបាលយុត្តិធម៍ ពិសេសកម្លាំងប៉ុស្ត៍តាមសង្កាត់មូលដ្ឋានរៀងខ្លួន។ ឲ្យចេះចូលរួមចំណែក ក្នុងប្រមើការងារសង្គម មនុស្សធម៍ជាដើម។

លោកអភិបាលក្រុង ក៏បានផ្ដាំផ្ញើដល់ប្រជាការពារ ពេលរៀនចប់ ត្រូវចែករម្លែកចំណេះដឹងដល់ប្រជាការពារផ្សេងទៀត ឲយមានការតល់ដឹង ពីជំនាញនេះផងដែរ។ អំឡុងពេលរៀនសូត្រ បើមានចម្ងល់ សូមសួរគ្រូបង្គោលឲ្យអស់ចម្ងល់ ពោលបើឆ្ងល់ ត្រូវហ៊ានសួរ។

លោកអភិបាលក្រុង ក៏បានថ្លែងកោតសរសើរចំពោះស្នាដៃដ៍ច្រើនលើសលប់របស់បងប្អូនប្រជាការពារ ដែលបានចូលរួមចំណែកធ្វើឲ្យមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលកន្លងទៅ។

លោកថា ក្រៅពីបានចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កម្លាំងប្រជាការពារក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ និងបានរួមចំណែកការពារសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមកបានយ៉ាងល្អប្រសើរផងដែរ។ សូមលើកទឹកចិត្ត ចូលរួមបន្តទៀត និងឲ្យបានខ្លាំងក្លា ធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខជូនពលរដ្ឋយើងឲ្យបានល្អបំផុត។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលជំនាញទាំង៦ ជូនដល់ប្រជាការពារក្នុងសង្កាត់ទាំង១១ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ៦ រួមមាន៖ តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ, ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការការពារកន្លែងកើតហេតុ, ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ, ការសម្រួលចរាចរណ៍-វិធានការសង្គ្រោះ និងអំពីអត្តសញ្ញាណគ្រឿងញៀន៕