Fresh Exclusive: ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា៖ ទាមទារទឹកដីតាមគោលការណ៍ច្បាប់អន្តរជាតិ
17-10-2025 17:05
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលសេចក្តីប្រកាសរបស់ភាគីថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ»។ ការច្រានចោលរបស់រាជរដ្ឋាភិបាល គឺដើម្បីការពារដីកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពបំពានរំលោភយកដោយខុសច្បាប់ តាមរយៈការដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងក្រោយមកបានឈូសឆាយនៅទីនោះ ក្រោមលេសដោះមីនជាឯកតោភាគី។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅពេលដែលភាគីថៃ ព្យាយាមបង្វែរព័ត៌មាន និងចង់ទាញយកផលចំណេញពីទង្វើរំលោភបំពានលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា មិនបានយឺតយ៉ាវឡើយ។ រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសដោយបដិសេធយ៉ាងឆាប់រហ័សនិងជាក់លាក់ ដោយបញ្ជាក់អំពីសិទ្ធិតវ៉ា និងការទាមទារទឹកដីរបស់ខ្លួន ផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានតម្លៃផ្លូវច្បាប់ តាំងពីសម័យអាណានិគមបារាំង។
សេចក្តីបដិសេធជាផ្លូវការនេះ មិនត្រឹមជាការឆ្លើយតបនយោបាយទេ ប៉ុន្តែជាសារដ៏ច្បាស់លាស់ថា កម្ពុជា មិនអាចនិងមិនដែលលះបង់សិទ្ធិលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនបានឡើយ។ នៅពេលដែលភាគីថៃបានអះអាងថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ» ដែលស្ថិតក្នុងតំបន់ភូមិព្រៃចាន់ និងជោគជ័យ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជានោះ, សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ថា ការអះអាងនោះគ្មានសុពលភាពផ្លូវច្បាប់ឡើយ ព្រោះព្រំដែនទាំងនោះត្រូវបានកំណត់តាមអនុសញ្ញាឆ្នាំ១៩០៤-១៩០៧ និងផែនទីខ្នាត ១/២០០,០០០ ដែលជាឯកសារត្រួតពិនិត្យអន្តរជាតិ។
* កម្ពុជារក្សាអត់ធ្មត់មែន ប៉ុន្តែមិនស្ងៀមស្ងាត់ទេ
ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជាបានជ្រើសយកយុទ្ធសាស្ត្រសន្តិភាពជាឧបករណ៍ដ៏មានអំណាច។ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការអត់ធ្មត់មិនមែនជាការស្ងៀមស្ងាត់ ឬការភ័យខ្លាចទេ ប៉ុន្តែជាការយកឈ្នះដោយប្រើសេចក្តីថ្លៃថ្នូរ និងភាពចេះគោរពច្បាប់។ ការជៀសវាងការប្រើអាវុធ គឺជាវិធីសាស្ត្រសង្គ្រោះជាតិ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតប្រជាជនទាំងសងខាង និងរក្សាបរិយាកាសសន្តិភាពនៅតាមបណ្តោយព្រំដែន។ ដូច្នេះការដែលបានឃើញថា កម្ពុជាបន្តអត់ធ្មត់ មិនមែនជាការបណ្តោយឱ្យបរទេសឈ្លានពានអាចគ្រប់គ្រងលើទឹកដីរបស់ខ្លួនបានឡើយ។ កម្ពុជាយកឈ្នះលើអំពើឈា្លនពាននេះបាន តាមរយៈប្រាជ្ញានិងការប្រើប្រាស់ច្បាប់ក្នុងការធ្វើជាអាវុធតបតជាមួយសត្រូវ។
សេចក្តីប្រកាសបដិសេធរបស់រាជរដ្ឋាភិបាលថ្ងៃទី១៧តុលា បានបញ្ជាក់ថា៖ «ទោះបីជារាជរដ្ឋាភិបាលកម្ពុជាសម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ»។
* សេចក្តីបដិសេធបែបផ្លូវច្បាប់៖ សញ្ញានៃប្រទេស ដែលមានវប្បធម៌នយោបាយខ្ពង់ខ្ពស់
សេចក្តីប្រកាសបដិសេធរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាប្រើច្បាប់អន្តរជាតិ ជាឧបករណ៍ការពារសិទ្ធិរបស់ជាតិខ្មែរ។ ការរំលោភព្រំដែនពីសំណាក់ភាគីថៃ ដោយការដាក់រាយរបងលួសបន្លាហ៊ុំព័ទ្ធយកដីក្រោមលេសរាវរកមីនក្នុងទង្វើ ជាឯកតោភាគីនោះ គឺជាការបំពានលើសន្ធិសញ្ញាអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យថៃ ត្រូវគោរពដល់គណៈកម្មការចម្រុះព្រំដែន (JBC) ដែលជាយន្តការដ៏ស្របច្បាប់តែមួយគត់ ដែលមានសិទ្ធិវាស់វែងនិងកំណត់ខណ្ឌសីមា។
គណៈកម្មការ JBC (Joint Boundary Commission) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០០០ តាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ដែលចុះហត្ថលេខាដោយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសទាំងពីរប្រទេស។ គោលបំណងសំខាន់របស់យន្តការនេះគឺ វាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមផែនទីខ្នាត ១/២០០,០០០ ដែលផ្អែកលើអនុសញ្ញា ១៩០៤និង១៩០៧។
JBC មិនមែនជាគណៈកម្មាធិការបែបនយោបាយទេ ប៉ុន្តែជាគណៈកម្មាធិការច្បាប់ និងបច្ចេកទេស ដែលបង្កើតឡើង ដើម្បីធានាថាព្រំដែនកម្ពុជានិងថៃ ត្រូវបានគោរពតាមច្បាប់អន្តរជាតិ និងឯកសារផ្លូវការ។ ដូច្នេះការអះអាងណាមួយអំពីការធ្វើជាកម្មសិទ្ធិលើទឹកដី ដែលមានជម្លោះមិនមែនធ្វើតាមរយៈភាគីយោធាថៃឡើយ ប៉ុន្តែត្រូវតាមរយៈកិច្ចព្រមព្រៀង JBC ដែលជាមូលដ្ឋានផ្លូវច្បាប់ដ៏រឹងមាំ ដែលភាគីកម្ពុជានិងថៃ ប្រើប្រាស់សម្រាប់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមទ្រឹស្តីសន្តិភាពនិងច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរថា៖ «កម្ពុជាសូមទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហាខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់»។
សេចក្តីថ្លែងការណ៍បន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមា របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ»។
សម្តីបញ្ជាក់បន្ថែមទៀតនេះ កាន់តែបង្ហាញច្បាស់ថា កម្ពុជាគោរពតាមគោលការណ៍ «ច្បាប់ជាអាវុធសន្តិភាព» មិនមែនជាប្រទេសប្រើអាវុធដើម្បីបង្ហាញអំណាចរបស់ខ្លួនឡើយ។
* រាជរដ្ឋាភិបាលកម្ពុជាបដិសេធ មុនការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡំពួរ»
របត់នយោបាយនៃជម្លោះកម្ពុជា-ថៃ កំពុងឈរនៅលើចំណុចប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលសកម្មភាពតូចតាចណាមួយ ក៏អាចកំណត់ទិសដៅអនាគតនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលបានដែរ។ សេចក្តីបដិសេធដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសនៅមុនពេលដែលថ្នាក់ដឹកនាំកម្ពុជានិងថៃ ត្រៀមចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡំពួរ» ដែលនឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ដែលពេលនោះនឹងប្រព្រឹត្តទៅក្រោមវត្តមានជាសាក្សីផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
សេចក្តីប្រកាសបដិសេធរបស់រាជរដ្ឋាភិបាលនេះ បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជារដ្ឋដែលចូលរួមក្នុងសន្តិភាពដោយការលះបង់អធិបតេយ្យភាពនៃទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែជារដ្ឋដែលចូលរួមក្នុងសន្តិភាពដោយភាពថ្លៃថ្នូររបស់ខ្លួន និងសិទ្ធិស្របតាមច្បាប់អន្តរជាតិ។ សេចក្តីប្រកាសបដិសេធនេះទៀត ក៏ជាការបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់ថា សន្តិភាពមិនអាចកើតឡើងលើដំណក់ទឹកភ្នែកនៃអធិបតេយ្យភាពជាតិរបស់ខ្លួនឯងបានឡើយ។
ដូច្នេះ ទោះបីមានក្រុមជ្រុលនិយមមួយចំនួន បង្ហោះពាក្យសម្តីចង់បំពុល ឬ បំភ័ន្ត និងព្យាយាមចង់បំផ្លាញកិត្តិយសរាជរដ្ឋាភិបាលថា «កម្ពុជានឹងបាត់ដី» ឬចោទថា «រដ្ឋាភិបាលដោះដូរបូរណ ភាពទឹកដី ដើម្បីរក្សាអំណាច» ក៏ដោយ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែតុលា គឺជាសារផ្លូវច្បាប់ដ៏ច្បាស់លាស់បង្ហាញថា កម្ពុជាជារដ្ឋមានការទទួលខុសត្រូវខ្ពស់លើជោគវាសនារបស់ជាតិខ្មែរ មិនដែលបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ និងជាភាគីគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ មិនដូចជាភាគីថៃ ដែលតែងរំលោភជាបន្តបន្ទាប់ម្តងហើយម្តងទៀតនោះឡើយ។
* ក្នុងការសន្និដ្ឋានជារួម៖ ភាពអត់ធ្មត់របស់កម្ពុជា មិនមែនជាសញ្ញានៃការស្ងៀមស្ងាត់របស់ប្រទេសដែលទន់ខ្សោយឡើយ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា សមធម៌ និងការយល់ដឹងជ្រាលជ្រៅអំពីកាលៈទេសៈនយោបាយ និងអន្តរជាតិ។ កម្ពុជាដឹងយ៉ាងច្បាស់ថា សន្តិភាពពិតប្រាកដមិនអាចកើតចេញពីអាវុធ ឬការលះបង់អធិបតេយ្យភាពជាតិបានទេ ប៉ុន្តែត្រូវកើតចេញពីសិទ្ធិស្របច្បាប់ និងការគោរពដែនកំណត់អន្តរជាតិ ដែលជាមូលដ្ឋាននៃសន្តិភាពយូរអង្វែង។ កម្ពុជាអាចអត់ធ្មត់ ដើម្បីរក្សាសន្តិភាព និងជៀសវាងមហន្តរាយសង្គ្រាម ប៉ុន្តែមិនដែល និងកាន់តែមិនធ្វើសម្បទានក្នុងការលះបង់អធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិរបស់ខ្លួនឡើយ។
ភាពអត់ធ្មត់របស់កម្ពុជា គឺមិនមែនជាការស្ងៀមស្ងាត់របស់ប្រទេសដែលទន់ខ្សោយទេ ប៉ុន្តែជាអាវុធសន្តិភាពដ៏មានឥទ្ធិពល ដែលកើតចេញពីប្រាជ្ញា ចំណេះដឹង និងការយល់ដឹងអំពីតម្លៃពិតនៃសន្តិភាព។ នៅពេលពិភពលោកកំពុងចាប់អារម្មណ៍លើសន្តិភាពក្រុងគូឡាឡំពួរ សេចក្តីប្រកាសបដិសេធ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាសារបញ្ជាក់ថា សន្តិភាពដែលកម្ពុជាកំពុងស្វែងរក មិនមែនជាសន្តិភាពដោយការធ្វើសម្បទាន ឬលះបង់អធិបតេយ្យភាពនៃប្រទេសរបស់ខ្លួនឡើយ ប៉ុន្តែជាសន្តិភាពដែលមានគោលដៅតែមួយគត់ គឺការការពារ ការថែរក្សាភាពថ្លៃថ្នូរ ការពារសិទ្ធិស្របច្បាប់ និងអំណាចឯករាជ្យរបស់ប្រជាជនខ្មែរតែប៉ុណ្ណោះ៕