ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តមុខងារ ដែលក្រសួងបានធ្វើប្រតិភូកម្ម ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុក គោលដៅ

17-10-2025 18:44

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងារ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះ ដោយអញ្ជើញជាវត្តមាន ក្នុងពិធីបិទរួមមាន៖ រដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំ, តំណាងអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក៊ ខេត្ត ក្រុង ស្រុកគោលដៅ សរុបចំនួន ១៤០រូប។ ពិធីនេះ ធ្វើឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

តាមរយៈរបាយការណ៍សិក្ខាសាលាដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានបានបញ្ជាក់ជូនថា សិក្ខាសាលាបានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅនៃការផ្ទេរមុខងារទាំង៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ២១ និងរបាយការណ៍សមិទ្ធផល នៃការអនុវត្តមុខងាររបស់រដ្ឋបាលក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងលំហូរថវិកាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ព្រមទាំងបានពិភាក្សាលើបញ្ហា និងស្វែងរកវិធីសាស្រ្តដោះស្រាយ ដើម្បីយកទៅអនុវត្តឱ្យបាន និងប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីស្ដាប់របាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវ ឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ នឹងបំពេញបន្ថែមនូវចំណុចខ្វះខាត ព្រមទាំងដោះស្រាយរាល់ការលំបាក ដែលជួបប្រទះក្នុងពេលអនុវត្ត និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារកំណែទម្រង់ការផ្ទេរមុខងារ ទៅថ្នាក់ក្រោមជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព ដែលនឹងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនប្រកប ដោយថាមវន្ដរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដែលជាការតម្រង់ទិសជូនដល់អង្គសិក្ខាសាលា ដើម្បីជំរុញ និងធានាឱ្យបាននូវការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕