ការវាយប្រហារអត្តឃាតសម្លាប់ទាហានប៉ាគីស្ថាន ៧នាក់នៅជិតព្រំដែនអាហ្វហ្គានីស្ថាន (Video inside)

17-10-2025 18:47

(អ៊ីស្លាម៉ាបាដ)៖ មន្ត្រីសន្តិសុខប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃសុក្រថា ទាហានប៉ាគីស្ថានចំនួន ៧នាក់បានស្លាប់ នៅក្នុងការវាយប្រហារអត្តឃាតមួយនៅជិតព្រំដែនអាហ្វហ្គានីស្ថាននៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ហេតុការណ៍នេះបានកើតឡើងចំពេលបទឈប់បាញ់ដ៏ផុយស្រួយរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុល ដែលបានផ្អាកការប្រយុទ្ធគ្នាដ៏បង្ហូរឈាមអស់ជាច្រើនថ្ងៃ។

មន្ត្រីសន្តិសុខបានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅជំរំយោធាមួយក្នុងតំបន់ វ៉ាហ្ស៊ីរីស្ថានខាងជើង (North Waziristan) ដែលបានបណ្តាលឱ្យមនុស្ស ១៣នាក់ផ្សេងទៀតរងរបួសផងដែរ។ ក្រុមមន្ត្រីបានបន្ថែមថា ជនសកម្មប្រយុទ្ធម្នាក់បានបើករថយន្តផ្ទុកគ្រឿងផ្ទុះទៅបុកជញ្ជាំងបន្ទាយ ខណៈពីរនាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់ ពេលព្យាយាមចូលទៅក្នុងជំរំ។

គួរបញ្ជាក់ថា អំពើហិង្សាដោយក្រុមសកម្មប្រយុទ្ធ គឺជាបញ្ហាចម្បងក្នុងទំនាក់ទំនងរវាងប៉ាគីស្ថាន និងរដ្ឋបាលតាលីបង់នៅអាហ្វហ្គានីស្ថាន។ ជម្លោះចុងក្រោយនេះបានផ្ទុះឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដទាមទារឱ្យទីក្រុងកាប៊ុលចាត់វិធានការលើក្រុមសកម្មប្រយុទ្ធ ដែលជាការចោទប្រកាន់មួយត្រូវបានរដ្ឋបាលតាលីបង់បដិសេធ៕