ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជនភៀសសឹកខេត្តព្រះវិហារ ២,២៥២គ្រួសារ
17-10-2025 21:45
(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបអាហារចំនួន ២ពេលប្រចាំថ្ងៃផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
នៅថ្ងៃសុក្ត ទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក ២គោលដៅ គឺជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨១៨គ្រួសារ ស្មើ ៦,២៥៧នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៤៣៤គ្រួសារ ស្មើ ១,២៣១នាក់ ដែលមានសរុបចំនួន ២,២៥២គ្រួសារ ស្មើ ៧,៤៨៨នាក់។
សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕