លោកស្រី នេត ធីតាវិឈុណា វាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់សមាគមយុវជន ដែលជួយគាំទ្រចលនាយុវជនខ្មែរនៅក្រៅប្រទេស

17-10-2025 22:23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយកញ្ញា ទា កល្យាណ ប្រធានសមាគមយុវជន (Yuvachun Association)។

កញ្ញា ទា កល្យាណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ដែលបានអនុញ្ញាតឲ្យមានជំនួបនេះ និងជម្រាបជូន លោកស្រី នេត ធីតាវិឈុណា ដោយផ្ទាល់នូវចក្ខុវិស័យ និងគោលបំណងរបស់សមាគម ដើម្បីលើកកម្ពស់ការចូលរួម និងការតភ្ជាប់បណ្តាញយុវជនខ្មែរទាំងនៅក្នុង និងក្រៅស្រុក។

សមាគមសង្ឃឹមថា នឹងអាចជំរុញកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) ជាពិសេសតាមរយៈស្ថានតំណាងក្រៅប្រទេស ដើម្បីជួយយុវជនខ្មែរ ឲ្យកាន់តែមានមោទនភាព ជាមួយជាតិមាតុភូមិ និងបង្កើតសកម្មភាពយុវជនឲ្យកាន់តែច្រើន សំដៅលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។

លោកស្រីអនុរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តចូលរួមយ៉ាងមោះមុតរបស់សមាគមយុវជន ក្នុងការជួយគាំទ្រដល់ចលនាយុវជនខ្មែរ នៅតាមបណ្តាសាខានានានៅក្រៅប្រទេស។ គម្រោងសកម្មភាពរបស់សមាគមយុវជនមួយចំនួន នឹងមានភាពប្រទាក់ក្រឡាគ្នាជាមួយសកម្មភាពយុវជនរបស់កបទ.សអ ដូចជាតាមរយៈការអនុវត្តការងារការទូតសេដ្ឋកិច្ច និងការទូតសាធារណៈ ដែលនឹងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕