កម្ពុជា បណ្ដេញជនជាតិកូរ៉េ៦៤នាក់ទៅប្រទេសដើមវិញ ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
18-10-2025 09:29
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេសឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។
កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ឲ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួល ជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិបត្តិការពីបណ្តារាជធានីខេត្ត។
សូមរំលឹកថា ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី លេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យទីតាំងសង្ស័យ និងបានបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន៩២ទីតាំង ក្នុង១៨រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណ៣,៤៥៥នាក់ មានចំនួន២០សញ្ជាតិ។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗ ក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រ្តីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ជនបរទេសចំនួន២,៨២៥នាក់ ក្នុងនោះស្ត្រីចំនួន៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។
លទ្ធផលដែលទទួលបានខាងលើនេះ បានបង្ហាញឲ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេស រងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចបានដាក់ឲ្យអនុវត្តនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ ក្នុងនោះសម្តេចធិបតីបាន សង្កត់ធ្ងន់ថា «អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕