សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
18-10-2025 09:34
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ។
ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ក្នុងនោះមានស្ត្រី ៣នាក់ និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់
ហើយបានដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង ម៉ូនីទ័រ ចំនួន ០១គ្រឿង និងទូរស័ព្ទ ចំនួន ១០៣គ្រឿង។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ រកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។
ជនសង្ស័យ និងវត្ថុតាងបច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕