កម្លាំងសមត្ថកិច្ចបង្ក្រាបទូកដឹកសាច់បង្កកមកពីប្រទេសថៃ នៅលើផ្ទៃសមុទ្រក្នុងខេត្តកោះកុរង ឃាត់ខ្លួនមនុស្សចំនួន៣នាក់

18-10-2025 10:15

(កោះកុង)៖ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៣នាក់ និងទូកដឹកសាច់បង្កក១គ្រឿង ដឹកជញ្ជូនមកពីថៃ ដែលត្រូវសមត្ថកិច្ចជំនាញបង្រ្កាបបាន គ្រាកំពុងធ្វើដំណើរលើផ្ទៃសមុទ្រ ត្រង់ចំណុចឆ្នេរខ្សាច់ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយទំនិញបង្កកមួយចំនួនដុតបំផ្លាញចោល និងរឹបអូលជាវត្ថុតាងតាមច្បាប់។

ការចុះបង្រ្កាបនេះមានការចូលរួមពីអាជ្ញាធរខេត្តកោះកុង មានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត និងមន្រ្តីចម្រុះ រួមសហការបន្តតាមដានបង្រ្កាបទូកដឹកទំនិញជាសាច់បង្កក១គ្រឿង មកពីប្រទេសថៃ នៅលើផ្ទៃសមុទ្រ កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដែលសង្ស័យបម្រុងនឹងដឹកជញ្ជូនទៅកាន់ព្រំដែនព្រែកចាកខេត្តកំពត។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ម្ចាស់ទូកដឹកឥវ៉ាន់ឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានដឹកទំនិញគេចពន្ធ ពីចំណុចផែខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ហើយការដឹកជញ្ជូននេះបម្រុងឡើងទំនិញ នៅព្រែកឆ្មាបាត់ ចូលតាមច្រកពាមក្រសោប ដោយមានរថយន្តចាំដឹកបន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចទប់ស្កាត់បង្រ្កាបបានភ្លាមៗ។

ក្រោយពីការសាកសួរពួកគេ បានសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញពីថៃក្នុង១ជើងយកថ្លៃ១២,០០០បាត ទៅ១៥,០០០បាត គ្រាទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ព្រំដែនព្រែកចាក ខេត្តកំពត។ សកម្មភាពល្មើសរបស់ជនសង្ស័យធ្វើឡើងរយៈពេល២ខែមកហើយ។

ក្នុងនោះសមត្ថកិច្ចរកឃើញមានក្តាមសកចំនួន២៩កេសតូចធំ ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស ស្មើនឹងទម្ងន់សរុបជាង១តោន។ ក្រៅពីនេះ ថ្នាំលាបពណ៌កំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត កាហ្វេកញ្ចប់ ស្លឹកកាធម ស្រោមដៃក្រណាត់ និងសំបកដបទឹក។ ជាក់ស្តែង ទំនិញបង្កកត្រូវបានដុតកម្ទេចចោល រីឯក្តាមសក បញ្ចូនទៅលែងឲ្យរស់រានមានជីវិតនៅសហគមន៍ព្រៃកោងកាង ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។

លោកបានណែនាំដល់សមត្ថកិច្ច ដែលមានតួនាទីចាំបាច់បន្តតាមដានស្រាវជ្រាវមុខសញ្ញា ដែលនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា ពិសេសក្នុងភូមិសាស្រ្តខេត្តកោះកុងតែម្តង សមត្ថកិច្ចត្រូវតាមដានជាប់ជានិច្ចនៅរាល់បទល្មើសបើមាន។

នេះជាសកម្មភាពលើកទី៣ហើយដែល អាជ្ញាធរ និងសមត្ថកិច្ចចម្រុះសហការបង្ក្រាបទំនិញគេចពន្ធពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តកោះកុង។ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ស្នើដល់រាជរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការចំពោះមន្រ្តី និងឈ្នួញខិលខូចដែលបន្តលួចនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ដោយដាក់ទោសចំពោះល្មើសផងដែរ៕