ធុរកិច្ចថ្មីចំនួន៤ បង្កើតសហគមន៍ឌីជីថល «ចតុមុខ» ដើម្បីជួយជំរុញការចាប់យកឌីជីថលនៃសហគ្រាសធន់តូច និងមធ្យម ឱ្យបានកាន់តែងាយស្រួល

18-10-2025 11:07

(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធុរកិច្ចថ្មីចំនួន៤ ដើម្បីសហការក្នុងការបង្កើតសហគមន៍សេវាកម្មឌីជីថល «ចតុមុខ» (Chaktomuk Digital Hub) ដើម្បីរួបរួមធុរកិច្ចថ្មីក្នុងស្រុកជាធ្លុងមួយ ជួយបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាជំរុញការចាប់យកឌីជីថលនៃសហគ្រាសធនតូច និងមធ្យម ឱ្យកាន់តែងាយស្រួល និងចំណាយតិចបំផុត។

ពិធីនេះដែរបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដោយមានការចូលរួមពីតំណាងធុរៈកិច្ចថ្មីទាំង៤ រួមមាន៖ Localize Tech Solution, Krubkrong, Point hub POS, BeOne Platform និងមានការចូលរួមពីតំណាងធនាគារគាំទ្រ តំណាងធុរកិច្ចថ្មី និងម្ចាស់អាជីវកម្មជាង៥០ ស្ថាប័ន។

ថ្លែងនាឱកាសនោះលោកបណ្ឌិត តាំង ងួនលី បានបញ្ជាក់ថា​ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធុរកិច្ចថ្មីទាំង៤នេះ នឹងអាចបង្កើតបានជាសហគមន៍សេវាកម្មឌីជីថលថ្មីមួយ ដែលជាបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ សំដៅរួមគ្នាជាធ្លុងមួយដើម្បីបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជួយជំរុញឱ្យមានការចាប់យកសេវាកម្មឌីជីថលនៃសហគ្រាសធនតូច និងមធ្យម ឱ្យបានកាន់តែងាយស្រួល និងចំណាយតិចបំផុត។

បន្ថែមពីនេះលោកបណ្ឌិត តាំង ងួនលី ក៏បានលើកទឹកចិត្តដល់បណ្តាធុរៈកិច្ចថ្មីទាំង៤នេះ ត្រូវសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ក្នុងការអនុវត្តកិច្ចការងារសហគមន៍សេវាកម្មឌីជីថល «ចតុមុខ» នេះឱ្យបានកាន់ជោគជ័យក្នុងរយៈពេលយូរអង្វែងបន្តទៀត ជាមួយនឹងការបន្តសហការណ៍ជួយបំពេញមុខងារឱ្យគ្នាឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ដែរថា ខ្លឹមសារសំខាន់ៗនៃសហគមន៍ឌីជីថល «ចតុមុខ» មានដូចជា (១)៖ បង្កើតសហគមន៍ឌីជីថលមួយ ដែលអាចចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍គ្នាទៅវិញទៅមក (២) អាចផ្តល់តម្លៃបន្ថែមជាអតិបរមាដល់អតិថិជនទៅវិញទៅមក តាមរយៈការតភ្ជាប់ប្រព័ន្ធបញ្ចូលគ្នា (៣)៖ បង្កើនសមត្ថភាពនៃការធ្វើទីផ្សាររួមគ្នា ដើម្បីធ្វើយ៉ាងអាចកាត់បន្ថយចំណាយពីការធ្វើទីផ្សារក្នុងសហគមន៍ និង (៤) រួមបង្កើនគុណតម្លៃនៃសេវាកម្មឌីជីថលនៃកម្ពុជា ធ្វើយ៉ាងណាអាចឲ្យវិស័យឌីជីថលក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែញក្នុងទីផ្សារតំបន់បាន៕