ប្រភពពីថៃ ឧបករណ៍បំពងសំឡេងបំណងចាក់រំខានអ្នកភូមិជោគជ័យ ត្រូវបានអាជ្ញាធរថៃ ឱ្យរុះរើចេញអស់ហើយ (Video inside)
18-10-2025 11:21
(បន្ទាយមានជ័យ)៖ ឧបករណ៍បំពងសំឡេង ដែលក្រុមជ្រុលនិយមរបស់ថៃ យកមកដំឡើងបំណងចាក់រំខានអ្នកភូមិជោគជ័យនោះ ត្រូវបានរើចេញអស់ហើយ។
យោងតាមការផ្សាយផ្ទាល់តាមបណ្តាញសង្គមរបស់ពលរដ្ឋថៃ បានឱ្យដឹងថា ការរុះរើនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
យោងតាមប្រភពពីប្រទេសថៃ បានបញ្ជាក់ថា ការសំឡេងរំខានពលរដ្ឋនាពេលនេះ មានការខ្វែងគំនិតគ្នាច្រើនពីសំណាក់ពលរដ្ឋថៃ។ ប្រភពខ្លះ កាន់ ចមផ្លាំង មិនសប្បាយចិត្ត ហើយបានតវ៉ាគ្រាដែលក្រុមគេហាមឃាត់ចាក់ ហើយអនុញ្ញាតឱ្យក្រុមផ្សេង។
ប្រភពខ្លះទៀត បានអះអាងថា ក្រុមថ្មី ក៏មិនសប្បាយចិត្តនឹងអាជ្ញាធរថៃ ដែលអនុញ្ញាតឱ្យពួកគេចាក់បានត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។ ការចាក់សំឡេងបានត្រឹមមួយម៉ោង ពួកគេយល់ថា មិនសមនឹងការចំណាយរបស់ពួកគេក្នុងការរៀបចំ និងធ្វើដំណើរមកកាន់កន្លែងចាក់សំឡេង ដើម្បីរំខានខ្មែរនោះឡើយ។ ដូច្នេះពួកគេក៏មិនសប្បាយចិត្តនឹងអាជ្ញាធរខេត្តស្រះកែវផងដែរ។
ការសំឡេងរំខានប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទង្វើបែបនេះ នឹងនាំឱ្យមានការថ្កោលទោសលើប្រទេសថៃ។
បើទោះបីជាយ៉ាងណាមានការសាទរ និងសរសើរពីអ្នកភូមិរបស់ខ្មែរ លើឥរិយាបថរបស់អាជ្ញាធរថៃ ដែលរារាំងពលរដ្ឋមានភាពជ្រុលនិយម មិនឱ្យធ្វើទង្វើរំលោភលើសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។
ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។
ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង៣ពាន់នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។
ការសំឡេងនេះ មិនឭដល់អ្នកភូមិរបស់ថៃទេ ព្រោះឧបករណ៍ដាក់មុខសំដៅមកភូមិកម្ពុជា ហើយអ្នកភូមិនៅថៃ មានចម្ងាយឆ្ងាយពីកន្លែងចាក់សំឡេងនេះ។
ដើមឡើយផែនការនៃការចាក់សំឡេងនេះ ត្រូវបានសារព័ត៌មានថៃផ្សាយថា ធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ហើយចាក់ពេញមួយថ្ងៃតែម្តង៕