បណ្ឌិត កៅ ថាច ជំរុញដល់សមាជិក នៃសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ ចូលរួមផលិតផលិតផលក្នុងស្រុកឱ្យបានច្រើន
18-10-2025 11:24
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ ក្នុងមានគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យបន្លែ និងផ្លែឈើ ក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច បានថ្លែងថា វិស័យកសិកម្ម គឺជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្កើតចំណូលសម្រាប់ប្រទេសប៉ុណ្ណោះទេ តែបានផ្តល់នូវកិត្តិយស និងឥស្សរភាពដល់អ្នកប្រកបរបរក្នុងវិស័យនេះផងដែរ។ ដោយហេតុថា របរកសិកម្ម ទាមទារកម្លាំងកាយចិត្ត ការខិតខំប្រឹងប្រែង និងស្រលាញ់ពេញចិត្តខ្ពស់ ហើយអ្នកប្រកបរបរនេះ តែងតែទទួលបានការគោរពស្រលាញ់ ពីប្រជាពលរដ្ឋទូទៅ មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសដទៃ។
លោកបណ្ឌិតប្រធានសមាគម បានគូសបញ្ជាក់ថា កសិកម្ម គឺជាឆ្នាំងបាយរបស់ប្រទេស និងជាឆ្នាំងបាយរបស់ពិភពលោក បើគ្មានកសិករ ប្រទេសនឹងប្រឈមនឹងវិបត្តិ ដំបូងគេ គឺបញ្ហាស្បៀងអាហារ។
ជុំវិញបញ្ហានេះ លោកបណ្ឌិតប្រធានសមាគម សង្កត់ធ្ងន់ថា អ្វីដែលយើងគួរធ្វើចំពោះមុខ គឺត្រូវរួមគ្នាធ្វើឱ្យផលិតផលរបស់ខ្លួន ក្នុងទីផ្សារមានគុណភាព ជាពិសេសប្រជាជនយើង ទទួលទានប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ ការណ៍នេះ វិស័យកសិកម្មយើងនឹងដើរទៅមុខបាន ហើយផលិតផលយើងអាចប្រកួតប្រជែងក្នុងទីផ្សារដោយស្មើភាព ព្រមទាំងអាចជំនួសការនាំចូលបានច្រើន។
បន្ថែមលើនេះ លោកបណ្ឌិតប្រធានសមាគម ក៏បានលើកពីប្រព័ន្ធសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម (Agrarian Economy) ដែលសកម្មភាពសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស គឺពាក់ព័ន្ធនឹងកសិកម្ម។ ជាក់ស្តែង ប្រទេសកម្ពុជារបស់យើង ដែលប្រព័ន្ធសេដ្ឋកិច្ចនេះ បានកកើតតាំងពីសម័យអង្គរ ជាពិសេសកសិកម្មដំណាំស្រូវតែម្តង។ ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើនវានុវត្តន៍ ព្រមទាំងផ្សារភ្ជាប់នូវបច្ចេកវិទ្យាកសិកម្មទំនើបៗ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មយើងឱ្យបានប្រសើរជាងនេះ ជាពិសេសការធ្វើកសិកម្មដែលគិតគូរដល់បរិស្ថានជាដើម។
លោកបណ្ឌិតប្រធានសមាគម បានលើកឡើងថា កន្លងមកប្រភេទដំណាំបន្លែមួយចំនួន យើងអាចដាំក្នុងស្រុកបាន ហេតុអ្វីយើងត្រូវការនាំចូលមកពីក្រៅទៀត? នេះហើយ គឺជាចំណោទ ដែលយើងត្រូវចូលរួមដោះស្រាយទាំងអស់។
ជាមួយគ្នានេះ លោកបណ្ឌិតប្រធានសមាគម ក៏បានចង្អុលបង្ហាញអំពីគោលបំណង នៃការបង្កើតសមាគមបណ្តាញកសិករតេជោ ជាពិសេសការចងក្រងគ្នាជាបណ្តាញកសិករ និងប្រមូលផ្តុំតាមវិស័យផ្សេងៗ ដើម្បីរួមគ្នាជួយដល់វិស័យកសិកម្មរបស់យើងទាំងមូល។
លោកបណ្ឌិតប្រធានសមាគម បានបន្តថា សមាគមនឹងធ្វើជា (១) ស្ពានឱ្យបងប្អូនដើរឬតភ្ជាប់ទៅនឹងឱកាសផ្សេងៗដូចជា ឱកាសក្នុងការទទួលបានបច្ចេកទេស ព័ត៌មានទីផ្សារ ព័ត៌មានហិរញ្ញវត្ថុ ព្រមទាំងជួយចម្លងសម្លេងរបស់បងប្អូនកសិករជូនថ្នាក់ដឹកនាំ និង (២) សមាគមនឹងធ្វើជាខែល ឬឆ័ត្រសម្រាប់បងប្អូនជ្រក ពោលគឺជួយការពារផលប្រយោជន៍ និងភាពស្របច្បាប់របស់កសិករ តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ ជាពិសេសនៅពេលមានការរំលោភបំពានគៃចំណេញលើកសិករ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតប្រធានសមាគម បានជំរុញឱ្យសមាជិក-សមាជិកា កសិករ ចូលរួមផលិតផលិតផលក្នុងស្រុកឱ្យបានច្រើន ដោយពង្រឹងលើគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងផ្គត់ផ្គង់លើទីផ្សារជាប់លាប់ ព្រមទាំងមានតម្លៃសមរម្យ ជាពិសេសព្យាយាមកាត់បន្ថយថ្លៃដើម ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ជាផលិតផលនាំចូលពីក្រៅ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតប្រធានសមាគម បានចែករំលែកពីម៉ូដែលធុរកិច្ចកសិកម្ម នៅបណ្តាប្រទេសមួយចំនួន ដែលម៉ូដែលធុរកិច្ចនោះ បានចូលរួមជួយដោះស្រាយបញ្ហា របស់កសិករ ដោយឧទាហរណ៍ ក្រុមហ៊ុន Sahyadri Farms Post Harvest Care Limited (ប្រទេសឥណ្ឌា) ដែលបានបង្កើតជាខ្សែចង្វាក់តម្លៃ ក្នុងវិស័យកសិកម្ម ដោយមានការចូលរួមផ្ទាល់ពីកសិករ។
ទាក់ទងនឹងម៉ូដែលធុរកិច្ចនេះ លោកបណ្ឌិតប្រធានសមាគម ក៏បានលើកទឹកចិត្តដល់សមាជិក-សមាជិកា សិក្សាស្វែងយល់ពីប្រភេទក្រុមហ៊ុននេះ ដែលនឹងអាចជាគំរូធុរកិច្ចកសិកម្មថ្មី សម្រាប់កម្ពុជា។
លោកបណ្ឌិតប្រធានសមាគម បានចង្អុលបង្ហាញពីបញ្ហាជួបប្រទះ របស់កសិករនាពេលកន្លងមក និងចំណុចសំខាន់ៗ ដែលកសិករចង់បានដូចជា៖ តម្លៃកសិផលដែលមានស្ថេរភាព មានទីផ្សារ (លក់ដាច់) និងកម្ចីដែលមានអត្រាការប្រាក់ទាប។
ជាចុងក្រោយ អង្គប្រជុំ បានប្តេជ្ញាចិត្តរួមគ្នាបំពេញបេសកកម្ម និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទរបស់កម្ពុជា៕