បទយកការណ៍៖ កិច្ចសន្យាផលិតកម្មរបស់សហគមន៍កសិកម្មទំនើប ផ្ដល់នូវស្ថិរភាពថ្លៃជូនប្រជាកសិករក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ (Video inside)
18-10-2025 13:47
(បាត់ដំបង)៖ ជារៀងរាល់ឆ្នាំ ប្រជាកសិករខ្មែរជាច្រើនតំបន់ បានត្អូញត្អែរពីភាពមិនមានលំនឹងនៃថ្លៃកសិផល ដែលនាំឱ្យមានផលវិបាកសម្រាប់ពួកគាត់ ក្នុងការទទួលបាននូវប្រាក់ចំណេញ។
ជាដំណោះស្រាយ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចដាក់ចេញនូវគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការអនុវត្តផ្ទាល់។
«សហគមន៍កសិកម្មទំនើប» បាននិងកំពុងប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។
សហគមន៍កសិកម្មទំនើប ផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥, ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែស្រាល ពីសហគមន៍កសិកម្មទំនើបចំនួន៦ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម។ សហគមន៍ទាំង៦ មានសមាជិកសរុប ១២០០គ្រួសារ ផ្ទៃដីដាំដុះ ៦,០០០ហិកតា ដែលមានសមត្ថភាពផលិតបាន ៣ម៉ឺនតោន។
បើតាម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានមានប្រសាសន៍ថា ហេតុផលសំខាន់ដែលក្រុមហ៊ុន សម្រេចចុះកិច្ចសន្យាទិញស្រូវពីសហគមន៍កសិកម្មទំនើប ដោយសារសហគមន៍នេះធានាច្បាស់លាស់ពីការផ្គត់ផ្គង់។
អ្នកឧកញ៉ា បានបន្តថា មុនមានសហគមន៍កសិកម្មទំនើប ពិតណាស់គឺមានផលលំបាកច្រើន ជាពិសេសការនាំចេញទៅក្រៅប្រទេស ក្នុងទំហំធំ។ ដូច្នេះ ដើម្បីធានាបានទាំងគុណភាព និងតម្លៃជាមួយសហគមន៍កសិកម្មទំនើប និងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម ដើម្បីជួយដល់កសិករកម្ពុជា។
ប្រធានសហគមន៍កសិកម្មទំនើប ក៏ដូចជាសមាជិក សមាជិកា នៃសហគមន៍ទាំង៦ បានបង្ហាញនូវក្ដីរំភើបរីករាយចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសម្របសម្រួលថ្លៃកសិផលជូនពួកគាត់ ប្រៀបដូចជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ពួកគាត់ក្នុងការបន្តការងារកសិកម្មទៅមុខ។
បន្ថែមពីនេះ លោកបណ្ឌិត ចាយ ជឹម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានមានប្រសាសន៍ពីបែបបទ ទម្រង់ នៃផលិតកម្មតាមកិច្ចសន្យា ដែលត្រូវសិក្សាពីតម្លៃ ការដឹកជញ្ជូន គុណភាពកសិផល ដោយត្រួតពិនិត្យចាប់តាំងពីដំណើរការដាំដុះ រហូតដល់ពេលប្រមូលផល។
ក្នុងករណីមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ដែលបានចែង, ចំពោះអ្នកផលិត (សមាជិកសហគមន៍) នឹងត្រូវដកចេញពីសហគមន៍ ដោយមិនអនុញ្ញាតឱ្យចូលរួមបន្តនោះទេ ដោយឡែកចំពោះអ្នកទិញ នឹងត្រូវដាក់ចូលបញ្ជីខ្មៅ ប្រសិនជារកឃើញថាមានពិរុទ្ធភាព។
យ៉ាងណាមិញ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តអំពាវនាវដល់ប្រជាកសិករដែលពុំទាន់ចូលរួមជាសហគមន៍កសិកម្មទំនើប ឱ្យចូលរួមជាមួយគោលនយោបាយនេះ ដ្បិតថាសហគមន៍កសិកម្មទំនើបនេះ នឹងផ្ដល់នូវលំនឹងនៃថ្លៃ រួមជាមួយការកាត់បន្ថយថ្លៃដើមផលិត អមដោយកម្ចីដែលមានការធានា៕