លោក នេត្រ ភក្ត្រា រម្លឹកដល់មន្ត្រីបក្សបង្កើនសកម្មភាពបម្រើពលរដ្ឋ ឆ្លើយតបនឹងសេចក្តីត្រូវការ ដើម្បីទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែខ្លាំង

18-10-2025 13:51

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានរម្លឹកបន្ថែមដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅខេត្តក្រចេះ ត្រូវបង្កើនសកម្មភាពបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ក្នុងន័យឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពួកគាត ដើម្បីទទួលបានការទុកចោត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងបន្តទទួលរបានសំលេងគាំទ្រកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការរម្លឹកបន្ថែមបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សរយៈពពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា​ បានបន្តថា មន្ត្រីគណបក្សត្រូវតែបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយស្តាប់បញ្ហា ជួយដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានជួបប្រទះ។ ជាពិសេសការចូលរួមនៅក្នុងសកម្មភាពតាមសហគមន៍ឱ្យកាន់តែសកម្មភាពបន្ថែមទៀត ដើម្បីបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងរួមគ្នាជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ បម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផលក្នុងឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញមន្ត្រីគណបក្សត្រូវបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា​ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានចុះជាប់នៅតាមមូលដ្ឋាន និងបានផ្សាភ្ជាប់ជាមួយប្រជាជន ពីព្រោះគណបក្សប្រជាជន បង្កើតដោយប្រជាជន ដូច្នេះ ទោះក្នុងកាលៈទេសៈណាក៏ដោយក៏មិនបោះចោលប្រជាពលរដ្ឋនោះដែរ។ ក្នុងនាមជាសមាជិករបស់គណបក្សត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួនវិន័យរបស់បក្ស ជាពិសេសសូមបំពេញតួនាទី ភារកិច្ចឱ្យបានម៉ឹងម៉ាត់ដែលបក្សប្រគល់ជូន។ ហើយត្រូវចងចាំថាយើងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាឱ្យសំលេងគាំទ្ររបស់ប្រជាជនមកលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសយើងត្រូវទទួលសំលេងគាំទ្ររបស់សមាជិកបក្សយើង មួយសំលេងនៅពេលបោះឆ្នោត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការខិតខំរបស់សម្តេចប្រធានគណបក្ស សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចៗដែលជាថ្នាក់ដឹកនាំ គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណណបក្សដឹកនាំអំណាច តទៅមុខទៀត គោលដៅ ភារកិច្ច និងគោលបំណងបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព ធ្វើឱ្យជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ ជាពិសេសការខិតខំបើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗឱ្យកាន់តែរុងរឿង។ ដូច្នេះ សមាជិក សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន។

លោកបានបន្ថែមថា គោលនយោបាយរបស់គណបក្សប្រជាជន ជាបក្សដែលតែងមានចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់ក្នុងការបម្រើប្រជាពលរដ្ឋ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ សុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ បានដាក់ចុះនូវគោលនយោបាយ យុទ្ធសាស្ត្រ វិធានការសកម្មភាពចាំបាច់នានា ដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា តែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ និយាយជារួមគឺសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត៕