លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍
18-10-2025 14:07
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍, អនុប្រធានគណៈប្រចាំការ, សមាជិកគណៈប្រចាំការ, លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សយុវជនក្រសួងទេសចរណ៍, សមាជិកយុវជនគណៈបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ១៦៨រូប។
បន្ទាប់ពី អនុប្រធានយុវជនគណបក្ស អានរបាយការណ៍បូកសរុបរួចមក លោក រិន វីរៈ ប្រធានផ្នែកចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំង លោក តុប សុភ័ក ជាប្រធានយុវជនគណបក្សក្រសួងទេសចរណ៍ និងការប្តេជ្ញាចិត្តរួចមក លោកបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ។
ជាមួយគ្នានោះ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិកា ជាយុវជនក្រសួងទេសចរណ៍។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្ស ចំពោះជាតិ និងប្រជាជន ចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ១៩៥១ ជាពិសេសក្នុងរយះពេល៤៦ឆ្នាំកន្លងមកនេះ គិតចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩រហូតមក។
លោកបណ្ឌិតបន្តថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសត្រូវឈ្លានពានទឹកដី ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានធ្វើការប្រកាស និងបញ្ជាក់ជំហរ សារជាថ្មីម្តងទៀតថា គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី, យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះ ដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លើសពីនេះទៀត លោកបណ្ឌិតបានអំពាវនាវដល់យុវជនគណបក្សទាំងអស់ ទាំងក្នុង និងក្រៅប្រទេស បន្តជឿជាក់និងទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពអ្វីដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេសកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិកម្ពុជា៕