យកអាសាគ្នាក្នុងគ្រាលំបាក! ខ្មែរមានកំណើតខ្មែរក្រោម បន្តនាំយកអំណោយជូន ពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ (Video inside)

18-10-2025 15:39

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បាននាំយកអំណោយជា ស្បៀងអាហារ និងថវិកាជូនដល់ពលរដ្ឋខ្មែរប្រមាណ២០០គ្រួសារ កំពុងរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិព្រៃចាន់ និងភូមិជោគជ័យ ជាភូមិដែលរងការយាយីពីកងទ័ពថៃ ដោយពួកគេបានយកបន្លាលួសព័ទ្ធយកដីភូមិ ដីចម្ការស្រែ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយ ចំនួនកាលពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០២៥។

កម្មវិធីចែកស្បៀងអាហារ និងថវិកាជូនពលរដ្ឋកំពុងជួបការលំបាកព្រោះកងកម្លាំងថៃ រាយ បន្លាលួសនេះ ដឹកនាំដោយ លោក គីម វ៉ាន់ឆេង ដែលមាន ៦សមាគមខ្មែរក្រោម ផ្សេងទៀត ជាសមាជិករួមនិងលេខាធិការដ្ឋាន អង្គការសមាគមខែ្មរ ក្រោមការដឹកនាំដោយ លោក ញឹម រិទ្ធី រួមនិងបងប្អូនខ្មែរ និងព្រះសង្ឃខ្មែរដេីមកំណើតខ្មែរ ក្រោមចំនួន១០អង្គ និមន្ត មពីវត្តអង្គតាមិញ វត្តសាមគ្គីរង្សី វត្តតាំងក្រសាំង ខាងត្បូង និងវត្តបុទុមវតី និងវត្តនាគវ័ន្ត ដែលមានការសម្របសម្រួល ដោយក្រុមការងារ លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

អំណោយដែលបានយកទៅចែកជូននាព្រឹកមិញនេះ រួមមាន៖ អង្ករមួយតោនកន្លះ មុី ១៥០កេស ទឹកត្រី១៥០យួរ ទឹកស៊ីអ៉ីវ ១៥០យួរ និងថវិកាចំនួនមួយលាន និង៥០មុឺនរៀល និងភួយចំនួន៩០ភួយ។

ការជួយយកអាសាគ្នាក្នុងគ្រាលំបាក និងខ្វះខាត គឺជាវប្បធម៌ដែលបាន ចាក់ គ្រឹះយ៉ាងជ្រៅក្នុងបេះដូងខ្មែរតាំងពីដើមមក។ ប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់ បាន ប្រឈមការលំបាកក្នុងជីវភាព ដោយអ្នកខ្លះត្រូវបានកងកម្លាំងចម្រុះ របស់ថៃរាយបន្លាលួសព័ទ្ធយកផ្ទះរបស់ពួកគេ ហើយពលរដ្ឋខ្លះទៀត ក៏មិនបានទៅប្រកបរបរអ្វីនោះដែរ ពួកគាត់បានត្រៀមខ្លួនទប់ស្កាត់ការរាយបន្លាលួសថ្មីៗ បន្ថែមទៀតពីសំណាក់កងកម្លាំងចម្រុះរបស់ថៃ។

ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាម៉ិញ ដែលបាននិមន្តយក អំណោយ ជូនប្រជាពលរដ្ឋនាព្រឹកមិញនេះ បានមានសង្ឃដីកាថា ខ្មែរកម្ពុជាក្រោម និង ខ្មែរនៅកម្ពុជា គឺជាខ្មែរតែមួយ។ នៅពេលឃើញខ្មែរនៅកម្ពុជា ជួបការលំបាកខ្មែរបងប្អូនខ្មែរក្រោមនៅគ្រប់ទីកន្លែងក៏បានរៃអង្គាសគ្នា ដើម្បីជួយរំលែកនូវការលំបាកទាំងឡាយ ហើយនេះជាទឹកព្រះទ័យ និងទឹកចិត្តរបស់បងប្អូនខ្មែរក្រោម ដែលតែងរួមសុខរួមទុក្ខជានិច្ចជាមួយបងប្អូនខ្មែរនៅកម្ពុជា។

លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួសសប្បុរសដែលបានយកមកចែកជូនអ្នកភូមិជោគជ័យ និងព្រៃចាន់ បានមកពីការចូលរួមរបស់បងប្អូនខ្មែរក្រោមនៅគ្រប់ទីកន្លែង។ លោក សាន សាង បានបន្ថែមថា ការធ្វើសកម្មភាព មនុស្សរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោមនាពេលនេះ គឺជាការស្តែងឱ្យឃើញនូវស្មារតីសាមគ្គី និងការជួយយកអាសាគ្នាក្នុងគ្រាលំបាករវាងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋនៅកម្ពុជា ស្របតាមស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន គឺខ្មែរគ្រប់ទីកន្លែងជាខ្មែរតែមួយ។

សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ជួបការលំបាកព្រោះការឈ្លានពានពីសំណាក់កងទ័ពថៃ, ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា ក៏ដូចជារស់នៅតាមប្រទេសនានា បានចូលរួមធ្វើសកម្ម ភាពមនុស្សធម៌នៅតាមខេត្តជាប់ព្រំដែនប្រទេសថៃជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ បានធ្វើសកម្មភាពមនុស្សធម៌ចំនួន៧លើកមកហើយ។ តាមរយៈកាយវិការទាំងនេះ បានស្តែងឱ្យឃើញថា សហគមន៍ខ្មែរ មានកំណើតខ្មែរក្រោម តែងផ្សារភ្ជាប់ជានិច្ចជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក៕