កម្ពុជានឹងរងឥទ្ធិព្យុះទី២៤ «Fengshen» ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែតុលា បណ្តាលឱ្យខេត្តចំនួនមានភ្លៀងធ្លាក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ (Video inside)

18-10-2025 15:43

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះ ទី២៤ ឈ្មោះ ហ្វេងសេង (Fengshen) T2524 ដែលកម្ពុជានឹងរងសម្ពាធព្យុះនេះ នឹងធ្វើឱ្យខេត្តចំនួននឹងអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដូចនេះថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់នៅកម្ពុជា ក្រសួងធនធានទឹក សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៤ ឈ្មោះ ហ្វេងសេង (Fengshen) T2524 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុង ដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិន ខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះហ្វេងសេង នេះ ទទួលរងឥទ្ធិពលកម្រិត២០%។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៥៖

១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

២៖ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕