កម្ពុជា-ជប៉ុន ប្ដេជ្ញាចិត្តរួមគ្នាស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចសហការបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល

18-10-2025 15:47

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន Global Finance & Technology Network (GFTN) នៃប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្ដៅរួមគ្នា ក្នុងការស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហការថែមទៀតរវាងប្រទេសទាំង២។

លោកស្រីបណ្ឌិតទេសាភិបាល បានថ្លែងអំពីពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលកន្លងមក ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលបានក្លាយជាគំរូសិក្សាសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសជាច្រើន។

លោកស្រីបណ្ឌិត ជា សិរី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងបានលើកទឹកចិត្តឱ្យស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហការថែមទៀតផងដែរ។

លោក Takeshi Kito ដែលជាសមាជិកនៃគណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator committee) បានបញ្ជាក់ពីគោលបំណងចម្បង នៃដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃនៅកម្ពុជា និងចំណាប់អារម្មណ៍ ក្នុងការស្វែងយល់ពីដំណើរវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត៕