ស្ត្រីទើបសម្រាលកូនភ្លោះ២នាក់ និងជនពិការមានជីវភាពខ្វះខាត នៅឃុំឯកភាព ស្រុកអូរជុំ ទទួលបានការចុះសួរសុខទុក្ខពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

18-10-2025 16:05

(រតនគិរី)៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយសសាខា តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដំណើរដោយ លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា លោកនាយកសាខា និងអាជ្ញាធរ មូលដ្ឋាន បានចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ ដល់ស្ត្រីទើបសម្រាលកូនភ្លោះពីរនាក់ និងជនពិការដែលមានជីវភាពខ្វះខាត សរុបចំនួន២គ្រួសារ រស់នៅភូមិប៉ាជន ឃុំ ឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ញ៉ែម សំអឿន ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជារឿយៗសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានគិតគូរ ពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នាមិនដែលប្រកាន់ជាតិសាសន៍ យសសក្ដិ ឬពណ៌សម្បុរអ្វីទេ។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវបងប្អូនដែលជាមាតាទាំងអស់សូមអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលជាមួយលោកគ្រូពេទ្យជំនាញនៅឯមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាពដែលនៅក្បែរលំនៅដ្ឋាន ចៀសវាងការព្យាបាលតគ្នា ឬបែបហូបថ្នាំបុរាណ ព្រោះថាវាអាចបង្កផលលំបាកសម្រាប់សុខភាព ពិបាកក្នុងការព្យាបាលនៅពេលបន្ទាប់ ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ចំណែកស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យសុខភាពមុនសម្រាលយ៉ាងតិច៤ដង និងក្រោយពេលសម្រាល ត្រូវបំបៅកូនដោយទឹកដោះម្តាយ ទើបល្អប្រសើរព្រោះទឹកដោះម្តាយមានជីវជាតិគ្រប់គ្រាន់ សម្រាប់បំប៉បរាងកាយទារក និងសូមយកទារកទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖

*លោកញ៉ែម សំអឿន និងលោកស្រី៖ អង្ករ ៥០គីឡូក្រាម, មីចំនួន ៨ កេស, ទឹកពិសា ចំនួន៤កេស និងថវិកាចំនួន ៣០ ម៉ឺនរៀល។
*សាខាកាកបាទក្រហមខេត្ត៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ប្រេងឆា ២ដប, ម្សៅសាប៊ូ ២កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, ពូកឈុតកូនក្មេង ២, មុងគ្រប២,មួកកូនក្មេង២ ,ស្រោមដៃ ជើងកូនក្មេង២គូរ, ខោអាវកូនង៉ែត ២ឈុត, កន្សែងពោះគោ ២,ម្សៅកូនក្មេង២កំប៉ុង, សាប៊ូកូនក្មេង២ដប និងថវិកាមួយចំនួន។
*អនុសាខាស្រុកអូរជុំ៖ ថវិកាចំនួន ៣០ ម៉ឺនរៀល៕