ជនខិលខូចមួយចំនួនតូច នៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់

18-10-2025 16:08

(កំពង់ឆ្នាំង)៖ ជនឆ្លៀតឱកាសមួយចំនួនតូចនៅតែបន្តលបលួចប្រព្រឹត្តបទល្មើសនេសាទ ខណៈដែលថ្នាក់ដឹកនាំ និងសមត្ថកិច្ចកំពុងមមាញឹកក្នុងការចូលរួមការពារ បូរណភាពទឹកដី។ ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រមួយចំនួន ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្រុមជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដោយពួកគេបានប្រើឧបករណ៍លបលូស្បៃមុង ដាក់លាតសន្ធឹងចាប់ត្រី ដែលមានប្រវែងរាប់រយម៉ែត្រក្នុងមួយរបាំង និងមានរាប់សិបរបាំង បើទោះជាឧបករណ៍នេះត្រូវបានច្បាប់ហាមឃាត់ជាដាច់ខាតមិនឲ្យប្រើយ៉ាងណាក៏ដោយ។

បន្ទាប់ពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសនេសាទដែលមានជនខិលខូចលួចប្រើឧបករណ៍ស្បែមុងដោយខុសច្បាប់ ធ្វើជារបាំងលបលូដាក់ចាប់ត្រីនៅក្នុ ងភូមិសាស្ត្រស្រុកជលគិរីខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យនគរបាលប្រឆាំងបទបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងចំនួន៥នាក់ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត៣នាក់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមឆ្កោក២នាក់សរុប ១០នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៣គ្រឿង បានចុះបង្ក្រាបបទល្មើស ជលផលខាងលើនេះនៅចំណុចក្រោយភូមិអន្លង់មេត្រី និងចំណុចក្រោយភូមិក្បាលកន្លង់ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលសមត្ថកិច្ចបានរុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន៥កន្លែង ប្រវែង២៥០ម៉ែត្រ, កំទេចចោលលបស្បៃមុងចំនួន៥មាត់, បង្គោលចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន៣០គីឡូក្រាម។ ស ម្ភារជាវត្ថុតាងទាំងអស់ខាងលើត្រូវបានក្រុមការងារចម្រុះខេត្តសម្រេចបំផ្លាញចោលនៅហ្នឹងកន្លែង។

យោងតាមរបាយការណ៍របស់ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ដែលបានចុះថតបទល្មើសនេសាទជាក់ស្ដែងកាលពីថ្ងៃទី១៤-១៥ ខែតុលា ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា របាំងស្បៃមុងខុសច្បាប់ ដែលត្រូវបានជនខុស ខូចដាក់មាន២ចំណុច ក្នុងនោះ១ចំណុចស្ថិតនៅក្បែរអន្លង់អក ក្នុងឃុំព្រៃគ្រី ស្រុកជលគីរី ដែលមានជាង ១០របាំងវែងៗ និងមួយចំណុចទៀតស្ថិតនៅក្បែរភូមិក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី។

ក្រោយពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ និងបាញ់រូបភាពជូនក្រុមចម្រុះដើម្បីចុះបង្ក្រាបករណីនេះរួចមក ក៏បានបែកការដឹងទៅដល់ក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទភ្លាមដែរ ទើបនៅថ្ងៃចុះបង្ក្រាបសមត្ថកិច្ចចម្រុះរកឃើញ របាំងស្បៃមុងតែមួយចំនួនប៉ុណ្ណោះ របាំងភាគច្រើនទៀតត្រូវក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទរុះរើខ្លះ និងពន្លិចចូលក្នុងទឹកបាត់អស់ខ្លះ។

តែនៅរសៀលថ្ងៃដដែលប្រជាពលរដ្ឋរស់នៅតំបន់នោះក៏បានទូរសព្ទរាយការណ៍ប្រាប់ថា របាំងដែលត្រូវបានពន្លិចចូលទៅក្នុងទឹកមួយចំនួននោះ បានលើកឡើងវិញផងដែរ ហេតុនេះស្នើសុំសមត្ថកិច្ចពាក់ ព័ន្ធមេត្តាចុះពិនិត្យផង តើនៅមានរបាំងស្បៃមុងខុសច្បាប់ដូចសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមែនដែរឬទេ។

ទស្សនៈរបស់ប្រជាពលរដ្ឋបានលើកឡើងថា ដើម្បីបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពគួរតែចាត់វិធានការផ្លូវច្បាប់ស្ដីពីជលផលដោយយកជនប្រព្រឹត្តបទល្មិតនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាម ច្បាប់ខ្លះទើបមានការរាងចាល។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះលោកបានបញ្ជាទៅខណ្ឌរដ្ឋបាលជលផលឲ្យចុះពិនិត្យ និងធ្វើការបង្ក្រាបហើយ។

ពាក់ព័ន្ធនឹងករណីបទល្មើសនេសាទខាងលើនេះ លោកអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ផងដែរថា លោកនិងចាត់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅពិនិត្យ មើលនៅភូមិសាស្ត្រខាង លើនេះនិងធ្វើការបង្ក្រាបជាបន្ទាន់ផងដែរ៕