Fresh Exclusive: ថៃជ្រុលនិយមនិងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលក្រុងបាងកក៖ អំពើអសីលធម៌ដែលកំពុងបំផ្លាញមុខមាត់ស៊ីវិល័យថៃលើឆាកអន្តរជាតិ (Video inside)
18-10-2025 16:25
(ភ្នំពេញ)៖ ទង្វើថ្មីៗរបស់ក្រុមជ្រុលនិយមថៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងបង្ហាញឲ្យពិភពលោកឃើញថា សេចក្តីអំនួតនៃ «ភាពស៊ីវិល័យ» របស់ថៃ កំពុងតែរលាយបាត់បង់ ធ្វើឱ្យគេលែងជឿជាក់។ ការប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្ពស់ដល់ ៥០០ ដេស៊ីបែល ដើម្បីបំភិតបំភ័យ និងរំខានដល់ជីវិតប្រជាពលរដ្ឋខ្មែរ នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ គឺជាទម្រង់មួយនៃ «ទារុណកម្មផ្លូវចិត្ត» ដែលរំលោភយ៉ាងច្បាស់លើអនុសញ្ញា និងច្បាប់អន្តរជាតិជាច្រើន។
Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅពិសេសមួយ ស្ដីអំពីទង្វើអសីលធម៌នេះ៖
នៅពេលដែលពិភពលោកកំពុងស្វះស្វែងរកសន្តិភាព និងការគោរពសិទ្ធិមនុស្សជាគោលនៃគំនិតមូលដ្ឋានក្នុងសតវត្សថ្មីនេះ, ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ បែរជាកំពុងបង្ហាញឱ្យឃើញពីភាពផ្ទុយបែបអសីលធម៌។ ប្រទេសថៃ ដែលធ្លាប់អួតអាងថា ជាប្រទេសស៊ីវិល័យមានប្រព័ន្ធប្រជាធិបតេយ្យ និងគោរពច្បាប់អន្តរជាតិ កំពុងបង្ហាញឲ្យពិភពលោកឃើញថា ការអួតអាងនោះគ្រាន់តែជាស្រោមបិទបាំងមុខបែបនយោបាយប៉ុណ្ណោះ។ អំពើអសីលធម៌ និងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលក្រុងបាងកក ចំពោះសកម្មភាពជ្រុលនិយម និងអមនុស្សធម៌តាមបណ្តោយព្រំដែនជាមួយកម្ពុជា កំពុងបកស្រាយយ៉ាងច្បាស់ថា «ភាពស៊ីវិល័យរបស់ថៃ» ដែលខ្លួនអួតអាងជាយូរមកនោះ មិនមែនជាការពិតឡើយ។ វាគ្រាន់ជារូបភាពក្លែងបន្លំមួយ ដែលកំពុងរលាយបាត់បន្តិចម្តងៗចំពោះមុខភ្នែកសហគមន៍អន្តរជាតិក្នុងពេលនេះហើយ។
អំពើបំពានដ៏អមនុស្សធម៌ទាំងកងកម្លាំងសន្តិសុខ និងក្រុមជ្រុលនិយមថៃ ដែលបានប្រើប្រាស់ទង្វើលួចបំពានកាត់ដីតាមរយៈការរាយលួសបន្លា និងការប្រើឧបករណ៍បំពងសំឡេងខ្ពស់ដល់៥០០ដេស៊ីបែល ក្នុងការបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ និងភូមិក្បែរនោះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គឺជាទម្រង់នៃ «ទារុណកម្មផ្លូវចិត្ត» ដែលបំពាននឹងនិយមន័យអនុសញ្ញាអន្តរជាតិប្រឆាំងទារុណកម្ម ដែលប្រទេសថៃខ្លួនឯងក៏ជារដ្ឋភាគីមួយនៃអនុសញ្ញានោះផងដែរ។ ទោះជាមានការរិះគន់ជាអន្តរជាតិ រដ្ឋាភិបាលថៃ មិនបានចាត់វិធានការណ៍ណាពិតប្រាកដក្នុងការទប់ស្កាត់ទង្វើបំពានច្បាប់អន្តរជាតិនោះទេ ប៉ុន្តែបែរជាសម្ងំស្ងៀមគាំទ្រឱ្យក្រុមជ្រុលនិយមទាំងនោះបន្តប្រព្រឹត្តថែមទៀត ដែលជាទង្វើគួរឱ្យខ្មាស់អៀន។
* សតវត្សនៃភាពអមនុស្សធម៌ក្នុងសម័យថៃ ដែលអួតខ្លួនថាស៊ីវិល័យ
ក្នុងសតវត្សនៃការគោរពសិទ្ធិមនុស្ស និងសុចរិតធម៌ដ៏សកលនេះ ការប្រើប្រាស់សំឡេងដើម្បីបំភិតបំភ័យប្រជាជន គឺជាវិធីសាស្ត្រមួយនៃសង្គ្រាមផ្លូវចិត្ត ដែលគេប្រើក្នុងសមយុទ្ធយោធា។ ប៉ុន្តែការធ្វើអំពើបែបនេះ ដាក់មកលើប្រជាពលរដ្ឋសាមញ្ញ ដែលរស់នៅលើទឹកដីនៃប្រជាជាតិជិតខាង ដូចជាប្រទេសកម្ពុជានោះវិញគឺជា ការរំលោភអធិបតេយ្យភាពនិងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
កម្រិតសំឡេងដល់ទៅ ៥០០ដេស៊ីបែល ដែលថៃប្រើប្រាស់ក្នុងការបំពងសំឡេងដ៏ខ្ទរខ្ទារនោះ មិនត្រឹមតែបំផ្លាញសុខភាពប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កឲ្យបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងបណ្តាលឲ្យមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ នេះមិនអាចត្រូវបានចាត់ទុកថាជាសកម្មភាពការពារ «សន្តិសុខជាតិ» ឡើយ ប៉ុន្តែជាទម្រង់នៃទារុណកម្មផ្លូវចិត្តដ៏ច្បាស់លាស់ ដែលរដ្ឋាភិបាលថៃ និងកងកម្លាំងជ្រុលនិយមរបស់ខ្លួនកំពុងប្រើដើម្បីបំបាក់ស្មារតីប្រជាជនខ្មែរ និងចង់បំផ្លាញទឹកដីនៃស្រុកកំណើតរបស់ពួកគេដែលធ្លាប់តែរស់នៅគ្មានអំពើគំរាមកំហែងបែបនេះឡើយ។
អំពើបែបនេះ បង្ហាញយ៉ាងច្បាស់ថា បើទោះបីថៃអួតអាងខ្លួនថាជាប្រទេសស៊ីវិល័យក៏ដោយការប្រព្រឹត្តអំពើអសីលធម៌ និងអមនុស្សធម៌បែបនេះ កំពុងធ្វើឲ្យថៃធ្លាក់ចុះទៅជាសញ្ញានៃសតវត្សនៃភាពអមនុស្សធម៌ថ្មី, សតវត្សដែលប្រទេសមួយកំពុងប្រើ យុទ្ធសាស្ត្រ «លួចកាត់ទឹកដីបន្តិចម្តង» (Salami Slicing) និងសង្គ្រាមផ្លូវចិត្ត (Psychological Warfare) ធ្វើជាឧបករណ៍បំផ្លាញសន្តិភាព និងសេចក្តីថ្លៃថ្នូរទៅលើប្រជាជាតិជិតខាងរបស់ខ្លួន។
* សំឡេងរិះគន់ពីក្នុងប្រទេសថៃដោយផ្ទាល់
សមាជិកព្រឹទ្ធសភាថៃ លោកស្រី អង់ខាណា នីឡាផៃជិត (Angkhana Neelapaijit) ដែលមានកេរ្តិ៍ឈ្មោះថា ជាអ្នកការពារសិទ្ធិមនុស្សដ៏ក្លាហាន បានចាត់ទុកអំពើប្រើសំឡេងរំខានលើប្រជាពលរដ្ឋខ្មែរ ដោយក្រុមជ្រុលនិយមថៃ ថាជា «ទារុណកម្មផ្លូវចិត្ត» និងចាត់ទុកថា ជាការរំលោភយ៉ាងច្បាស់លើអនុសញ្ញាអន្តរជាតិប្រឆាំងទារុណកម្ម ដែលប្រទេសថៃក៏ជារដ្ឋភាគីផងដែរ។
ប៉ុន្តែបន្ទាប់ពីការរិះគន់ដ៏ត្រឹមត្រូវនោះ ក្រុមជ្រុលនិយមថៃ ស្រាប់តែបានប្រតិកម្មវិញនូវសម្តីហិង្សា ដោយគម្រាមធ្វើទុក្ខបុកម្នេញ ញុះញង់បណ្តេញនិងសូម្បីតែគម្រាមសម្លាប់លើជីវិតរបស់លោកស្រី អង់ខាណា ថែមទៀត។ សម្លេងរិះគន់ដូចគ្នានេះដែរ ត្រូវបានបន្ទរដោយបញ្ញវ័ន្តនិងអ្នកនយោបាយថៃខ្លះទៀត ដែលមានភាពក្លាហានក្នុងការរិះគន់ទង្វើអសីលធម៌ ប៉ុន្តែត្រូវបានក្រុមជ្រុលនិយមថៃ ដែលមានការលើកទឹកចិត្តពីក្រុមយោធានិងរដ្ឋាភិបាលថៃ បានសរសេរព្រមាន និងគំរាមចោទថា ពួកគេមិនមានបេះដូងជាតិថៃ ដូចក្រុមជ្រុលនិយមរបស់គេឡើយ។
អ្វីទាំងនេះបង្ហាញយ៉ាងច្បាស់ថា សង្គមថៃកំពុងធ្លាក់ចូលទៅក្នុងសភាពងងឹតមួយ ដោយសំឡេងយុត្តិធម៌ បែរជាត្រូវបានសម្លាប់ ដោយសំឡេងជ្រុលនិយមថៃនៃក្រុមប្រឆាំងនឹងច្បាប់អន្តរជាតិទៅវិញ។ ថៃដែលធ្លាប់អួតខ្លួនថាជាប្រទេសស៊ីវិល័យ ពេលនេះកំពុងបង្ហាញឲ្យពិភពលោកកាន់តែឃើញថា ប្រទេសខ្លួនឯងកំពុងបាត់បង់គុណតម្លៃមនុស្សធម៌ និងសីលធម៌សង្គមជាបន្តបន្ទាប់អស់ទៅហើយ។
* សំឡេងបារម្ភ ពីអង្គការសហប្រជាជាតិ
ខណៈសំឡេងអយុត្តិធម៌ កំពុងតែគំរាមកំហែងដាក់មកលើក្រុមបញ្ញវ័ន្តនិងអ្នកនយោបាយថៃ ដែលហ៊ានរិះគន់ទង្វើអសីលធម៌នោះមក មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ក៏បានសម្តែងក្តីព្រួយបារម្ភពីភាពធ្លាក់ចុះនៃទង្វើសីលធម៌របស់ថៃផងដែរ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Mary Lawlor បានសរសេរការពារក្រុមបញ្ញវ័ន្តនិងអ្នកនយោបាយថៃ ដែលហ៊ានរិះគន់ទង្វើបំពានច្បាប់របស់ថៃ ដោយបញ្ជាក់ថា «ការការពារសេចក្តីពិត យុត្តិធម៌និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ»។ សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនេះ គឺជាការបង្ហាញពីការព្រួយបារម្ភថា ថៃកំពុងបំពានលើស្តង់ដារសិទ្ធិមនុស្ស ដែលខ្លួនធ្លាប់បានផ្តិតមេដៃយល់ព្រមតាមអនុសញ្ញាអន្តរជាតិកន្លងមក។ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យថៃ ត្រូវផ្តល់កិច្ចការពារដល់សមាជិកព្រឹទ្ធសភាថៃ លោកស្រី អង់ខាណា និងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កការភ័យខ្លាចចំពោះប្រជាជនកម្ពុជា។
* តើថៃកំពុងបំពានច្បាប់អន្តរជាតិអ្វីខ្លះ ទាក់ទងនឹងការប្រើសម្លេងរំខាននេះ?
ប្រទេសថៃ បានចុះហត្ថលេខានិងអនុម័តលើអនុសញ្ញាសំខាន់ៗជាច្រើនស្តីពីសិទ្ធិមនុស្ស ប៉ុន្តែទង្វើប្រើសំឡេងបំពងរំខានដាក់មកលើប្រជាជនកម្ពុជា គឺជាការបំពានយ៉ាងច្បាស់លើអនុសញ្ញា CAT ទារុណកម្ម Convention against Torture, 1984 និងអនុសញ្ញា ICCPR ស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ។ ខាងក្រោមនេះ គឺជាទង្វើបំពានរបស់ថៃដាក់មកលើប្រទេសកម្ពុជា៖
១. អនុសញ្ញាស្តីពីការប្រឆាំងនឹងទារុណកម្ម និងទណ្ឌកម្មអមនុស្សធម៌ CAT (Convention against Torture, 1984)
ប្រទេសថៃ បានចុះហត្ថលេខានិងអនុម័តចូលរួមជារដ្ឋភាគីនៃអនុសញ្ញានេះតាំងពីឆ្នាំ២០០៧។ អនុសញ្ញានេះហាមឃាត់ការធ្វើទារុណកម្មគ្រប់ទម្រង់ ដែលមានន័យថា ការបង្កឲ្យមនុស្សរងការឈឺចាប់រាងកាយ ឬ ផ្លូវចិត្តដោយបំណងបង្ខំ ឬ បំភិតបំភ័យ ត្រូវបានចាត់ទុកជាទារុណកម្ម។ ការប្រើសំឡេងកម្រិតខ្ពស់ដើម្បីធ្វើឲ្យប្រជាជនភ័យស្លន់ស្លោ ឈឺត្រចៀក ឈឺក្បាល និងរងផលប៉ះពាល់ផ្លូវចិត្ត គឺជាទម្រង់នៃ «ទារុណកម្មផ្លូវចិត្ត» ដែលបំពានផ្ទាល់លើអនុសញ្ញាឆ្នាំ១៩៨៤នេះ។
២. អនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR, 1966)
ប្រទេសថៃ គឺជារដ្ឋភាគីនៃអនុសញ្ញានេះ តាំងពីឆ្នាំ១៩៩៦។ មាត្រា៧ នៃអនុសញ្ញានេះបញ្ជាក់ថា៖ »គ្មាននរណាម្នាក់ត្រូវតែរងទុក្ខបុកម្នេញ ឬ ទណ្ឌកម្ម ឬការប្រព្រឹត្តអមនុស្សធម៌ ឬអាប់អួរណាមួយឡើយ»។ ការប្រើសំឡេងដើម្បីធ្វើឲ្យប្រជាជនជិតខាងរងការភ័យខ្លាចនិងរងទុក្ខផ្លូវចិត្ត គឺជាអំពើបំពានលើសិទ្ធិមនុស្សមូលដ្ឋានយោងតាមអនុសញ្ញានេះ។
៣. អនុសញ្ញាស្តីពីសិទ្ធិសាសន៍និងជនភាគតិច (ICERD, 1965)
ប្រទេសថៃបានអនុម័តចូលរួមក្នុងអនុសញ្ញានេះ តាំងពីឆ្នាំ២០០៣។ ការប្រើសកម្មភាពបង្កការភ័យខ្លាច ឬសង្កត់សង្កិនមកលើប្រជាជនជាតិជិតខាង (កម្ពុជានៅតំបន់ព្រំដែន) ត្រូវបានចាត់ទុកថាជាទម្រង់នៃការរើសអើងជាតិសាសន៍ និងការរំលោភលើគោលការណ៍សាមគ្គីមនុស្ស។
៤. អនុសញ្ញាអាស៊ានស្តីពីសិទ្ធិមនុស្ស (ASEAN Human Rights Declaration, 2012)
ប្រទេសថៃ ជាសមាជិកអាស៊ាន និងបានចុះហត្ថលេខាគាំទ្រលើសេចក្តីប្រកាសអនុសញ្ញានេះ។ ប្រការនេះបញ្ជាក់ថា សមាជិកអាស៊ានត្រូវគោរពសិទ្ធិមនុស្ស សន្តិភាព និងសុវត្ថិភាពនៃប្រជាជនទាំងអស់។ ការប្រើសំឡេងបំភិតបំភ័យប្រជាជនកម្ពុជា នៅតាមព្រំដែន គឺជាការបំពានលើអនុសញ្ញានេះដោយផ្ទាល់ ហើយជាបទបង្ហាញនៃអំពើអយុត្តិធម៌ក្នុងតំបន់។
៥. គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ៖ អធិបតេយ្យភាព និងភាពជាមិត្តល្អរវាងប្រទេសជិតខាង
បើយោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ UN Charter មាត្រា២ (៤) ប្រទេសណាមួយក៏ដោយ មិនត្រូវប្រើកម្លាំង ឬវិធីសាស្ត្រដែលប៉ះពាល់ដល់អធិបតេយ្យភាព ឬសុវត្ថិភាពនៃប្រទេសផ្សេងឡើយ។ ការប្រើសំឡេងកម្រិតខ្ពស់នៅតំបន់ព្រំដែន ដើម្បីបំភិតប្រជាជនរបស់ប្រទេសជិតខាង គឺជាទម្រង់មួយនៃការប្រើកម្លាំងបែបមិនសមស្រប ដែលអាចត្រូវបានចាត់ទុកថាជា «អំពើឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងសន្តិភាព»។
ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលថៃនៅចំពោះមុខទង្វើបំពានច្បាប់អន្តរជាតិទាំងនេះ មិនអាចចាត់ទុកថាជាការមិនដឹងមិនឮបានទេ។ វាជាសញ្ញាបង្ហាញពីការគាំទ្រដោយផ្ទាល់ ឬយ៉ាងហោចណាស់ ការយល់ព្រមដោយប្រយាលលើអំពើជ្រុលនិយមដែលកំពុងបំផ្លាញមុខមាត់ថៃបែបនេះ។ ដោយបណ្តោយឱ្យមានអំពើបែបនេះកើតឡើង ប្រទេសថៃបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនមិនសមនឹងអួតថាជាប្រទេសស៊ីវិល័យទៀតឡើយ។ វាបង្ហាញពីភាពរលាយអស់នូវសីលធម៌ មនុស្សធម៌ និងស្មារតីជាមិត្តល្អរបស់ប្រទេសមួយ ដែលធ្លាប់ត្រូវបានពិភពលោកចាត់ទុកថា ជាសមាជិកសហគមន៍អន្តរជាតិដែលគោរពច្បាប់នោះ។
ក្នុងការសន្និដ្ឋានជារួម៖
អំពើអសីលធម៌ និងអមនុស្សធម៌ ដែលក្រុមជ្រុលនិយមថៃ កំពុងប្រព្រឹត្តដាក់មកលើប្រជាពលរដ្ឋកម្ពុជា តាមបណ្តោយព្រំដែន កំពុងបង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃកំពុងធ្លាក់ចូលក្នុងភាពងងឹតនៃសតវត្សនៃភាពអមនុស្សធម៌ថ្មី។ ការប្រើប្រាស់សំឡេងឧបករណ៍បំពងដល់កម្រិតអាចបំផ្លាញសុខភាព និងស្មារតីមនុស្ស ដើម្បីបំភិតបំភ័យប្រជាជនជិតខាងគឺជាការរំលោភលើសិទ្ធិមនុស្សដ៏មូលដ្ឋាន និងជាបទបង្ហាញនៃការបាត់បង់សីលធម៌ជាតិ។
ភាពស្ងៀមស្ងាត់ ឬការសម្ងំស្ងៀមរបស់រដ្ឋាភិបាលក្រុងបាងកក មិនអាចត្រូវបានយល់ថាជាការមិនដឹង ឬការមិនចូលរួមឡើយ។ ប្រទេសថៃ ត្រូវហ៊ានទទួលខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្តទាំងបំពានច្បាប់ដាក់មកលើប្រទេសកម្ពុជា។ កម្ពុជាមិនបានស្វែងរកសង្គ្រាមទេ ប៉ុន្តែបានស្វែងរកសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ ដូច្នេះការបំពានរបស់ថៃមិនត្រឹមតែជាការរិះគន់ពីសង្គមអន្តរជាតិទេ ប៉ុន្តែគួរត្រូវបានយកជាបញ្ហារបស់អង្គការសហប្រជាជាតិ និងអាស៊ាន ដើម្បីទាមទារឱ្យថៃគោរពនឹងកាតព្វកិច្ចអន្តរជាតិដែលខ្លួនបានផ្តិតមេដៃយល់ព្រម។
បើថៃមិនបញ្ឈប់អំពើអសីលធម៌បែបនេះទេ ប្រទេសថៃខ្លួនឯង នឹងបន្តបាត់បង់ភាពទុកចិត្ត និងកិត្យានុភាពលើឆាកអន្តរជាតិ បណ្តាលឲ្យឈ្មោះថៃ ដែលធ្លាប់ត្រូវគេចាត់ទុកថាជាប្រទេសស៊ីវិល័យ ប្រែជារូបសញ្ញានៃប្រទេសដែលបំពានលើច្បាប់ និងបោះបង់ស្មារតីមនុស្សធម៌។ ប្រទេសថៃ គប្បីត្រូវដឹងថា ប្រទេសស៊ីវិល័យដ៏ពិតប្រាកដ មិនត្រូវវាយប្រហារប្រជាជាតិជិតខាងដោយសម្លេងឧបករណ៍បំពងខុសច្បាប់ ឬប្រើអាវុធទេ ប៉ុន្តែត្រូវប្រើសំឡេងនៃសន្តិភាព សំឡេងមនុស្សធម៌ និងសំឡេងដែលគោរពច្បាប់អន្តរជាតិ ដើម្បីស្ថាបនាសន្តិភាពពិតប្រាកដនៅតំបន់អាស៊ីអាគ្នេយ៍៕